អង្គការ NASA កំពុងបន្តការជួសជុលដៃយាន InSight ដែលគាំងនៅលើភពអង្គារ
(អាមេរិក)៖ ឧបករណ៍សំខាន់បំផុតមួយនៅលើយានរុករក InSight របស់អង្គការ NASA បានខូចគាំងនៅលើដីភពព្រះអង្គារ អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែក្រុមវិស្វករមិនព្រមចុះចាញ់ឡើយ និងបានបង្កើតផែនការថ្មីមួយទៀត ដើម្បីព្យាយាមជួសជុល និងជួយសង្រ្គោះឧបករណ៍ដែលប្រៀបបីដូចជាដៃមួយនេះ ឲ្យមានដំណើរការឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នាថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។
ឧបករណ៍ស្ទង់កម្ដៅលើយាន InSight (self-hammering heat probe) ដែលប្រៀបបីដូចជាដៃ ឬគេស្គាល់ថា «mole» បានខូចគាំងនៅលើទីតាំង រុករកចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមកម្ល៉េះ។ ឧបករណ៍មួយនេះពីដំបូងឡើយ ត្រូវបានគេសន្មត់ថា នឹងជីកចូលទៅក្នុងដីភពព្រះអង្គារជម្រៅ ០៥ម៉ែត្រ ប៉ុន្តែវាបានជាប់គាំងនៅជម្រៅទើបតែ ៣៥សង់ទីម៉ែត្រប៉ុណ្ណោះ។
បើតាមការពិតជាក់ស្តែង ចំពោះឧបករណ៍ mole វាបានធ្វើប្រតិបត្តិការជីកចូលទៅក្នុងប្រភេទដី ដែលវាមិនធ្លាប់ស្គាល់ ឬមិនដូចនៅលើផែនដីដែលវាធ្លាប់បានពិសោធន៍។ ការជីកចូលជ្រៅទៅក្នុងផ្ទៃដីភពព្រះអង្គារ មិនធ្លាប់មានពីមុនមកទេ ដូច្នេះវាពិបាកណាស់ក្នុងការសនិ្នដ្ឋានពីកំណ កំណើតដីនៃភពមួយនេះ។
គួរបញ្ជាកើថា អង្គការ NASA និងទីភ្នាក់អវកាសអាល្លឺម៉ង់ ដែលបានរួមគ្នាបង្កើត mole និងឧបករណ៍ Heat Flow ព្រមទាំង Physical Properties Package (HP3) បាននិងកំពុងធ្វើការងាររួមគ្នាចាប់តាំងពីខែមិថុនាមក ស្ដីពីជម្រើសក្នុងការជួសជុល។ បេសកកម្ម InSight គឺជាការចុះចតដោយជោគជ័យលើកទី ៨ របស់អង្គការ NASA នៅលើភពអង្គារ គិតចាប់តាំងពីបេសកកម្ម Viking កាលពីឆ្នាំ១៩៧៦មក និងជាជោគជ័យលើកទីមួយក្នុងអំឡុងពេល ០៧ឆ្នាំកន្លងទៅនេះ៕