ប្រធានក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ ចាត់ទុកក្រុមអ្នករិះគន់រូប វិមានឈ្នះឈ្នះ ក្នុងក្រដាសប្រាក់១ម៉ឺន៥ពាន់រៀល ជាល្អងធូលី
ភ្នំពេញ ៖ អគ្គនាយក នៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានចាត់ទុកក្រុមអ្នករិះ គន់រូបវិមានឈ្នះឈ្នះ ក្នុងក្រដាសប្រាក់១ម៉ឺន៥ ពាន់រៀលថា ជាល្អងធូលី ដែលបានខ្យល់ បក់មួយភ្លេតហើយ បាត់ទៅវិញគ្មានស្រមោល ខណៈវិមានឈ្នះ ឈ្នះត្រូវបានចាត់ទុកជានិមិត្ត សញ្ញាដ៏ធំមួយសម្រាប់ប្រទេសជាតិ និងជាសំណង់ដែលតំណាងឲ្យសន្តិភាពហើយនោះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងនៅក្នុងសន្និសីទ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ ថា វាគ្មានអ្វីចំឡែកនោះទេ ដែលក្រុមអ្នកប្រឆាំងបានធ្វើ ការរិះគន់នូវសមិទ្ធដែលរាជរដ្ឋាភិបាល ខិតខំធ្វើ និងកសាងមក ហើយមួយវិញទៀត ក្រុមទាំងនោះ ក៏ពួកគេកំពុងសប្បាយនិងដកដង្ហើមនៅក្រោមម្លប់សន្តិភាពនាពេលបច្ចុប្បន្ននេះដែរ។
សូមបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មី ដែលរៀបចំឡើងដើម្បីអបអរសាទរ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងពេលខាងមុខនោះមានក្រុម អគតិមួយក្តាប់តួចបានរិះគន់ថា បានដាក់រូបសំណង់វិមានឈ្នះ ឈ្នះ ដោយពួកគេចាត់ទុកថាវិមានឈ្នះ ឈ្នះនេះគឺជានិមិត្តសញ្ញារបស់ប្រទេសយួន។
យ៉ាងណាក៏ដោយឯកឧត្តមនាយ ឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងចាត់ទុកថា ការរិះគន់ទាំងនោះ គឺវាប្រៀបបានដូចជាល្អងធូលី ដ៏តួចមួយដែលខ្យល់បកមួយភ្លេតយ៉ាងដូច្នេះដែរ ហើយគ្មានហេតុផល ណាមួយដែលត្រូវ ប្រកាន់ពួកអ្នកទាំងនោះឡើយ។
ជាមួយគ្នានោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានអំពាវនាវដល់ប្រជា ពលរដ្ឋក៏ដូចជា ក្រុមអ្នករិះគន់ទាំងនោះត្រូវពិនិត្យឲ្យបានច្បាស់នូវខ្លឹមសារនៃការសាងសង់នូវ វិមានឈ្នះ ឈ្នះនេះ ដោយឯកឧត្តម បានលើកឡើងថា ការស្ថាបនាវិមាន ឈ្នះ ឈ្នះនេះ មានគោលដៅសំខាន់ចំនួន ៤ដូចជាទី១៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។
ទី២៖ គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិត របស់មគ្គុទ្ទេសក៍ ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា។
ទី៣៖ បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យបន្តការសិក្សា និងទទួលការយល់ដឹង ពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោលនយោបាយឈ្នះ ឈ្នះរបស់តេជោសែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្ម ក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។
ទី៤៖ បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញាចម្លាក់នានា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់ បានឈ្វេងយល់។ និងទី៥៖ បង្កើតគោលដៅ ទេសចរណ៍មួយ នៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោដៅ សម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា៕
អត្ថបទ៖ សុខ លាភ