ព្រឹកនេះ រដ្ឋសភាជាតិនឹងបើកកិច្ចប្រជុំលើកទី៣ នីតិកាលទី៦ ជជែករបៀបវារៈចំនួន៧
(ភ្នំពេញ)៖ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ បន្ទាប់ពីវិស្សមកាលអស់រយៈពេល ៣ខែកន្លងមក។ កិច្ចប្រជុំនាព្រឹកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ។
របៀបវារៈដែលនឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ មានចំនួន ៧ រួមមាន៖
១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦
២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦
៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី
៤-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី សំណង់
៥-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
៦-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់
និងទី៧-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។
អត្ថបទ៖ សុខ លាភ