លោក សម រង្ស៊ី ប្រាប់ទៅលោក ហ៊ុន សែន ថា បើចាប់ពលរដ្ឋ ដែលមកទទួលលោក ត្រូវរៀបចំមន្ទីរឃុំឃាំងដាក់ពលរដ្ឋយ៉ាងតិច១លាននាក់

ខ្ញុំ សម រង្ស៊ី ចង់ប្រាប់ទៅលោក ហ៊ុន សែន វិញ ថា បើគាត់ចង់ធ្វើតាមការគំរាមកំហែងរបស់គាត់មែននោះ គាត់ត្រូវតែរៀបចំមន្ទីរឃុំឃាំងសម្រាប់ដាក់ពលរដ្ឋខ្មែរ យ៉ាងតិចមួយលាននាក់ ដែលនឹងមកទទួលស្វាគមន៍រូបខ្ញុំ នៅលើទឹកដីប្រទេសកម្ពុជា ក្នុងថ្ងៃ ០៩ វិច្ឆិកា ២០១៩។ នេះជាការលើកឡើងរបស់លោកសម រង្ស៊ី ក្នុងទំព័រហ្វេសបុករបស់លោកនៅល្ងាចថ្ងៃទី៣ ខែតុលានេះ ដើម្បីឆ្លើយតបទៅ ហ៊ុន សែន ដែលគំរាមចាប់ឃុំឃាំងពលរដ្ឋ ដែលនឹងមកទទួលស្វាគមន៍រូបលោក។

សម រង្ស៊ី បន្ថែមថា បើលោក ហ៊ុន សែន រៀបចំមន្ទីរឃុំឃាំងបែបនេះមិនបានទេ គាត់ត្រូវតែត្រៀមខ្លួនចូលគុកតែម្នាក់គាត់ចុះ។ សម័យនេះ មិនអាចធ្វើដូចសម័យខ្មែរក្រហមបានទេ គឺសម័យដែលលោក ប៉ុល ពត ចាប់ប្រជារាស្ត្រខ្មែរទាំងមូល ដាក់ក្នុងគុកឥតជញ្ជាំង នៅលើទូទាំងប្រទេសកម្ពុជា។

​លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) ប្រាប់ ​VOA ថា ​សម្រាប់​ករណី​លោក សម រង្ស៊ី ​គឺ​ត្រូវ​បាន​រដ្ឋាភិបាល​មាន​វិធាន​ការ​ខ្លាំង​ដោយ​សារ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ។

«ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​ដែរ យើង​គ្រាន់​តែ​ចង់​ឃើញ​អ្នក​នយោបាយ​ទាំង​អស់​ហ្នឹង​គាត់​ងាក​រក​តុ​ចរចា​គ្នា​ទៅ​ដើម្បី​គិត​អំពី​ឧត្តម​ប្រយោជន៍​ជាតិ ឧត្តម​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ យើងកុំ​គិតអំពីផល​ប្រយោជន៍នៃ​អំណាច​ ឬក៏​ផល​ប្រយោជន៍​នយោបាយ​ជា​ធំ»។

ពលករខ្មែរ​ម្នាក់​ដែល​កំពុង​​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​ លោក ជីម ផាត ថ្លែង​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់ ​ត្រៀម​លុយ​​កាក់​វិល​ត្រឡប់​ទៅ​កម្ពុជា​ជា​មួយ​លោក សម រង្ស៊ី ដើម្បី​ស្ដារមុខ​មាត់​របស់​ប្រទេស​ឱ្យ​ល្អ​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ៖ «ខ្ញុំ​មើល​ឃើញ​នេះ​គឺ​គណបក្ស​ប្រជាជន​ព្យាយាម​ទប់​ស្កាត់​គ្រប់​ស្ថានភាព​ និង​គ្រប់​ស្ថានការណ៍​ទាំង​អស់​ គាត់​ខ្លាច​ពលរដ្ឋ​ច្រើន​ទៅ​ទទួល​លោក សម រង្ស៊ី​ ។យើង​ដឹង​ថា​កាល​បី​ឆ្នាំ​២០១៣​កន្លង​មក​មាន​ព្រឹត្តិការណ៍​ទទួល​ស្វាគមន៍​លោក​ សម រង្ស៊ី​ យ៉ាង​ចាស់​ដៃ​ ហើយ​ខ្ញុំ​ជឿជាក់​ថា​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​នាំ​គ្នា​ទទួល​លោក​ សម រង្ស៊ី យ៉ាង​ច្រើន​កុះករ​ ហើយ​ពេល​នោះ​គណបក្ស​ប្រជាជន​មិន​អាច​ទប់​នឹង​កម្លាំង​ពលរដ្ឋ​បាន​ទេ»។

លោក ​សម រង្ស៊ី​ បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ ក្រោយ​ពី​លោក​ទទួល​រង​បណ្តឹង​ចោទ​ប្រកាន់​ជាច្រើន​ករណី​ពី​សំណាក់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា។ រហូត​មក​ទល់​ពេល​នេះលោក​ជាប់​បណ្តឹង​ចំនួន​ប្រមាណ​ដប់​បណ្តឹង ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ពី​លោក​ហេង​ សំរិន ប្រធាន​រដ្ឋ​សភា លោក ​ហោ ណាំហុង ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​បណ្តឹង​ពី​លោក​ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។ តុលាការ​កម្ពុជា​បាន​កោះ​ហៅ​លោក​ សម រង្ស៊ី ជាថ្មី​ទៀត ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃដើម​ខែ​តុលា​ខាង​មុខ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds