ក្រសួងកសិកម្ម៖ ភាពស្គមស្គាំងសត្វព្រៃនៅភ្នំតាម៉ៅ មិនមែនដោយសារខ្វះចំណី តែជាសត្វមានជំងឺ ឬរងរបួស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីអ្នកលេង Facebook បង្ហោះរូបភាព និងសាររិះគន់ចំពោះ អ្នកគ្រប់គ្រងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ របស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ដោយចោទថា សត្វដែលស្គមស្គាំងនោះដោយសារខ្វះចំណី ប៉ុន្តែក្រសួងទាត់ចោលការរិះគន់នេះ។

ក្រសួងកសិកម្មបញ្ជាក់ថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គឺជាមជ្ឈមណ្ឌលស្តារនីតិសម្បទាសត្វព្រៃគ្រប់ប្រភេទ ដោយមានមន្ត្រីបសុពេទ្យមើលថែទាំ ជាប្រចាំក្រោមកិច្ចសហការជាមួយ អង្គការដៃគូ ដូចជា Wildlife Alliance, FFI និង Free the Bear។

នៅក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងបញ្ជាក់ថា «សត្វព្រៃស្គមស្គាំងមួយចំនួនតូច នៅសួនសត្វភ្នំតាម៉ៅ មិនមែនដោយសារខ្វះចំណី តែជាសត្វមានជំងឺ ឬរងរបួសដោយសារការដាក់អន្ទាក់ ដោយខុសច្បាប់ ឬមានអ្នកចិញ្ចឹមមិនចង់ចិញ្ចឹម ឬមានបញ្ហាសុខភាពធ្លាក់ខ្លួនឈឺស្គមស្គាំង ក៏បានប្រគល់មកឲ្យរដ្ឋបាលព្រៃឈើ និងអង្គការដៃគូយកមកថែរក្សា និងព្យាបាល ដូនេះហើយទើបមានសត្វព្រៃខ្លះនៅទីនោះ ស្គមស្គាំងដែលមើលទៅហាក់ដូចជា ខ្វះចំណីអាហារជាដើម»

ក្រសួងបានលើកឡើងទៀតថា នៅឆ្នាំ២០១៨កន្លងមកនេះ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានសង្គ្រោះសត្វព្រៃថ្មីចំនួន១,៨៩៣ក្បាល ព្យាបាលសត្វព្រៃចំនួន២៥៧ក្បាល និងកំពុងថែរក្សាសត្វព្រៃចំនួន១,៥៨៦ក្បាល (បក្សីចំនួន ៥៤ប្រភេទ ថនិកសត្វចំនួន ៤១ប្រភេទ និងល្មូនចំនួន ១២ប្រភេទ) ព្រមទាំងបានស្ដារលទ្ធភាពជីវសាស្រ្តសត្វព្រៃ និងដោះលែងសត្វព្រៃគ្រប់ប្រភេទទៅក្នុងព្រៃធម្មជាតិវិញចំនួន១៤៨៤ក្បាល។

ដោយឡែកក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានសង្គ្រោះសត្វព្រៃថ្មីចំនួន ៧៦៧ក្បាល ព្យាបាលសត្វព្រៃចំនួន ២០៧ក្បាល និងកំពុងថែរក្សាសត្វព្រៃចំនួន ១៦២៥ក្បាល (បក្សីចំនួន ៥៣ប្រភេទ ថនិកសត្វចំនួន ៤១ប្រភេទ និងល្មូនចំនួន ១៣ប្រភេទ) ព្រមទាំងបានស្ដារលទ្ធភាពជីវសាស្រ្តសត្វព្រៃ និងដោះលែងសត្វព្រៃគ្រប់ប្រភេទទៅក្នុងព្រៃធម្មជាតិវិញចំនួន ៦៧៤ក្បាល៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ៖

 

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open