នាយការិយាល័យបុគ្គលិក នឹងស្នងការរងខេត្តបាត់ដំបង ម្នាក់ត្រូវគ្រួសារសពមន្ត្រីនគរបាលទូទាំងខេត្តចោទថា ស៊ីដាច់លុយរាប់រយលានរៀល
ករណីលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ គឺជារឿងមិនអាចបិទបាំងបានឡើយ។ ភស្ដុតាងនៃអំពើពុករលួយរបស់លោក សៅ សាម៉ុន និងលោក វេង គឹមស៊ីម ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក្នុងទំហំទឹកប្រាក់រាប់រយលានរៀល ហេតុនេះលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង មិនគួរមើលរំលងតទៅទៀតទេ។ លើសនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើលោក សៅ សាម៉ុន និងលោក វេ គឹមស៊ីម ឲ្យបានស៊ីជម្រៅដើម្បីចាត់វិធានការតាមច្បាប់ជាបន្ទាន់។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា រហូតមកដល់ពេលនេះរឿងអាស្រូវពុករលួយរបស់លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងនគរបាលខេត្តបាត់ដំបង ទទួលបន្ទុកផែនធនធានមនុស្សនិងលោកវរសេនីយ៍ទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មិនអាចបិទបាំងតទៅទៀតបានទេ។ ប្រភពបានឲ្យដឹងទៀតថា រឿងអាស្រូវរបស់លោក សៅ សាម៉ុន និងលោក វេ គឹមស៊ីម ទាក់ទងទៅនឹងការស៊ីដាច់លុយខ្មោចមន្ត្រីនគរបាលរាប់រយលានរៀលកំពុងធ្វើឲ្យមានការរិះគន់ជុំទិស។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក សៅ សាម៉ុន និងបក្ខពួកជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល។
ប្រភពដែលស្និទ្ធនឹងលោក សៅ សាម៉ុន បានឲ្យដឹងថា លោក សៅ សាម៉ុន និងលោក វេ គឹមស៊ីម បានឃុបឃិតគ្នាកេងប្រវញ្ចប្រាក់សមាគមមិត្តនគរបាលឬថវិកាឧបត្ថម្ភជាច្រើននាក់ បើសរុបមិនតិចជាង២០០ទៅ៣០០លានរៀលនោះទេ។ ប្រភពបានឲ្យដឹងទៀតថា ករណីលោក សៅ សាម៉ុន និងបក្ខពួកឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋតាមអំពើចិត្ត គឺគ្មានមន្ត្រីថ្នាក់ក្រោមណាហ៊ានតវ៉ានោះឡើយ ហើយក៏គ្មានក្រុមមន្ត្រីអធិការកិច្ចនៃក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះទៅធ្វើការត្រួតពិនិត្យអ្វីដែរ។ កត្តានេះហើយទើបលោក សៅ សាម៉ុន និងលោក វេ គឹមស៊ីម ព្រមទាំងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។
បើតាមការបង្ហើបពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា លោក សៅ សាម៉ុន និងលោក វេ គឹមស៊ីម ព្រមទាំងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយ។ ដូច្នេះហើយទើបក្រុមគ្រួសារនៃសពមន្ត្រីនគរបាលក្នុងខេត្តបាត់ដំបង មួយចំនួនលាតត្រដាងបញ្ហានេះជាសាធារណៈ ហើយអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក សៅ សាម៉ុន និងលោក វេ គឹមស៊ីម ព្រមទាំងបក្ខពួកជាបន្ទាន់។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ហើយត្រូវបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក សៅ សាម៉ុន និងបក្ខពួកដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផងដែរ៕
អត្ថបទ៖ សុខ លាភ