ចោរប្លន់០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ បន្ទាប់ពីសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ០៣នាក់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ជនសង្ស័យទាំង៣នាក់ត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ។
ជនសង្ស័យទី១៖ ឈ្មោះ លី ដាន ហៅហេង អាយុ២៦ឆ្នាំ, ទី២៖ ឈ្មោះ សុខ សុវណ្ណ អាយុ២៣ឆ្នាំ និងទី៣៖ ឈ្មោះ ប្រាក់ សុនី ហៅម៉ាប់ អាយុ១៨ឆ្នាំ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ដែលពួកគេជាប់ពាក់ព័ន្ធករណី ធ្វើសកម្មភាពវាយដោយប្រើដំបង និងដំថ្ម គប់ទៅលើជនរងគ្រោះ រហូតដល់ជនរងគ្រោះរត់ចោលម៉ូតូ ហើយពួកគេ បានយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា Click ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ចាម1V-2346 ជិះគេចខ្លួនបាត់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កន្លងមកពួកគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំរៀងរាល់ថ្ងៃផងដែរ៕