លោក ពេជ្រ ស្រស់ ថា ការស្នើ​ឲ្យ​កម្ពុជារៀបចំការបោះ​ឆ្នោត​ឃុំ-​សង្កាត់ ឡើងវិញ របស់លោក​ស្រី រ៉ូណា ស្មីត វាជារឿងអស់សំណើច

 

ភ្នំពេញ៖ បន្ទាប់ពីលោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍ពិសេស​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២៥​កញ្ញា​ម្សិលមិញ បាន​ស្នើ​ឲ្យ​កម្ពុជារៀបចំការបោះ​ឆ្នោត​ឃុំ-​សង្កាត់ ឡើងវិញ ប្រធានបក្សយុវជនកម្ពុជា ថាការស្នើនេះជារឿងគួរអោយអស់សំណើច ។

តាមរយៈទំព័រហ្វេសបុក លោក ពរជ្រ ស្រស់ បានលើកឡើងថា វាគឺជារឿងអស់សំណើចខ្លាំងណាស់ ដែលមន្រ្តីអង្គការអន្តរ​ជាតិ​ធ្វើការងារលំដាប់ពិភពលោក ១ រូប បានស្នើឲ្យប្រទេសកម្ពុជាធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំឡើងវិញនោះ ។

លោកថា ស្របពេល ដែលប្រទេសកម្ពុជា បានធ្វើការបោះឆ្នោតហួស២ដំណាក់កាលហើយដែរ ដោយហួសនូវដំណាក់កាលទី១គឺការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានិងហួសដំណាក់កាលទី២គឺការបោះឆ្នោតជ្រើសរើសសមាជិក
រដ្ឋសភា(ជ្រើសរើសតំណាងរាស្រ្ត)។

ប្រមុខបក្សរូបនេះបន្ថែមថា វាជារឿងមិនអាចទៅរួចនោះទេ ដែលគាស់ខ្មោចឲ្យងើបឡើងមក ស៊ីបាយផឹកស៊ី ច្រៀង រាំ នៅពេលដែលសាកសពខ្មោចកំពុងត្រូវបានដង្កូវរុកសាច់និងស្អុយរលួយនោះ ។

ជាមួយគ្នានេះដែរ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ដ្រី ចាត់​ទុកការលើកឡើងរបស់​​លោក​ស្រី​ស្មីត ថា ជា​ការ​ឈ្លាន​ពាន និង​ជ្រៀតជ្រែក​ដល់​កិច្ចការ​កម្ពុជា។ ការទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ បាន​បង្ហាញ​ពី​និន្នាការ​នយោបាយ​ហួស​ពីកិច្ច​ទទួល​ខុស​ត្រូវ​និង​កាតព្វកិច្ច​របស់​មន្ដ្រី​តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ និង​ថា លោក​ស្រី រ៉ូណា ស្មីត គួរ​តែ​ពង្រឹង​ភាព​ជាដៃ​គូ​ជាមួយ​រដ្ឋាភិបាល ជាជាង​ដើរ​តួ​នាទី​ជា​តុលាការ​អត្តនោម័ត ឬ​ជា អ្នក​នយោបាយ​គ្រប់​គ្រង​ជោគ​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​។

សូម​រំឭក​ជូន​បន្តិច​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កាល​ណោះ​មិន​ទាន់​ត្រូវ​តុលាការ​កំពូល​រំលាយ​ចោល បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​លំដាប់​ទី​២ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទទួល​បាន​អាសនៈ​ជាង​៥​ពាន់​។ ប៉ុន្តែ​ក្រោយ​មក នៅ​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧ អាសនៈ​ទាំង​អស់​របស់​គណបក្ស​នេះ​ ត្រូវ​បាន​យក​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ដទៃ​​។ ក្នុង​នោះ គណបក្ស​ប្រជាជន​គ្រប់​គ្រង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​តែ​ទាំង​ស្រុង តាម​ពី​ក្រោយ​ដោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​តូច​ៗ​ចំនួន​៥​ទៀត​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds