៧ខែ ដើមឆ្នាំ២០១៩ ភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់ មកកម្សាន្តនៅភ្នំពេញ
ភ្នំពេញ៖ គិតត្រឹមរយៈពេល ៧ខែឆ្នាំ ២០១៩នេះ រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៤៤៧.១៨៣នាក់ ស្មើនឹង ៥៣,៣% នៃចំនួនសរុប កើនឡើងប្រមាណជិត ២៨% ប្រៀបធៀបនៃរយៈពេលដូចគ្នាឆ្នាំ ២០១៨។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។
ប្រធានមន្ទីរទេសចរណ៍ លោក ម៉ម វាសនា បានឱ្យដឹងថា តាមគោលដៅឆ្នាំ២០១៩ កម្ពុជានឹងសម្រេចឱ្យបាននូវការទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ហើយជាក់ស្តែងគ្រាន់តែក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣.៨៤០.៨៩៥នាក់ កើនឡើង ១១,១% ក្នុងនោះរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់ ស្មើនឹង ៥៣,៣%នៃចំនួនសរុប និងកើនឡើងជិត ២៨%ធៀបឆ្នាំ ២០១៨ ។
លោកថា ជាយុទ្ធសាស្ត្រ គឺត្រូវធ្វើឱ្យកម្ពុជាក្លាយជាគោលដៅកក់ក្តៅដល់ភ្ញៀវទេសចរ តាមរយៈនៃការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយ ភាពវៃឆ្លាត ស្អាត បៃតង និងរក្សាសុខសុវត្ថិភាពភ្ញៀវទេសចរឱ្យបានល្អប្រសើរ។ ហើយអ្វីដែល យើងមិនអាចមើលរំលងបាននោះ គឺការចូលរួមក្នុងការធ្វើបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរ និងការចូលរួមអនុវត្តច្បាប់ស្តីពីទេសចរណ៍។
លោក ម៉ម វាសនា បានបញ្ជាក់បន្ថែមថា ផលប្រយោជន៍ដែលបានមកពីការរីកចម្រើននៃវិស័យទេសចរណ៍ បានចូលរួមលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងបង្កើតការងារ។ លើសពីនេះទៀត ក៏ចូលរួមថែរក្សាអភិរក្ស បរិស្ថានធម្មជាតិ វប្បធម៌ប្រពៃណីជាតិ និងលើកតម្កើងកិត្តិនាមកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕
អត្ថបទ៖ សុខ លាភ