លោក ពេជ្រ ស្រស់ អំពាវនាវដល់អ្នកនយោបាយទាំងអស់រួមស្មារតីគ្នាគោរពនូវច្បាប់រដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ ក្នុងរយៈពេល ២៦ឆ្នាំមកនេះ ដោយដើរតាមលំអានរដ្ឋធម្មនុញ្ញ កម្ពុជាបានបង្កើតច្បាប់ជាច្រើនដើម្បីធានាដឹកនាំប្រទេសអោយមានការអភិវឌ្ឍន៍។ យ៉ាងណារដ្ឋធម្មនុញ្ញថ្មីនេះក៏បានឆ្លងកាត់ការកែប្រែជាច្រើនលើកច្រើនគ្រាហើយដែរ ហើយក៏ត្រូវរិះគន់ថា បានងាកឆ្ងាយពីស្មារតីដើមនៃច្បាប់នេះ។
មាត្រាដំបូងនៃរដ្ឋធម្មនុញ្ញបានប្រកាសថា កម្ពុជាជាព្រះរាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
មាត្រាដំបូងនេះគឺសអោយឃើញពីគោលបំណងនៃការបង្កើតច្បាប់កំពូលមួយនេះ ពោលគឺគ្រប់ក្របខណ្ឌច្បាប់ដទៃទៀត និងរាល់ការអនុវត្តត្រូវធានាថា បានគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងមានការចូលរួមពីច្រើនភាគី។
យ៉ាងនេះក្ដីក្នុងរយៈពេល ២៦ឆ្នាំ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃកម្ពុជា ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអំពាវនាវដល់អ្នកនយោបាយទាំងអស់រួមស្មារតីគ្នា។
អ្នកនយោបាយវ័យក្មេងលោកពេជ្រ ស្រស់ បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី២៣ កញ្ញានេះ ថា ក្នុងឱកាសទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមអំពាវនាវដល់អ្នកនយោបាយទាំងអស់រួមស្មារតីគ្នាគោរពនូវច្បាប់រដ្ឋធម្មនុញ្ញឲ្យបានខ្ពស់បំផុត ហើយជាពិសេស គោរព ព្រះមហាក្សត្រនៃយើងទាំងអស់គ្នា។
កម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញទី២ ត្រូវបង្កើតនៅក្នុងឆ្នាំ១៩៧២ ដែលកាលណោះបានផ្លាស់ប្ដូររបបដឹកនាំពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទៅជារបបសាធារណរដ្ឋ។ មកដល់ឆ្នាំ១៩៧៦ របបកម្ពុជាប្រជាធិបតេយ្យបានបង្កើតរដ្ឋធម្មនុញ្ញមួយទៀត ដោយផ្លាស់ប្ដូរទៅជារបបកុម្មុយនិស្ត។ ចំណែករដ្ឋធម្មនុញ្ញលើកទី៤ បានបង្កើតនៅឆ្នាំ១៩៨១ គឺក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ឯរដ្ឋធម្មនុញ្ញលើកទី៥ គឺកើតឡើងនៅក្នុងឆ្នាំ១៩៨៩ ក្នុងរបបរដ្ឋកម្ពុជា។ រដ្ឋធម្មនុញ្ញចុងក្រោយនេះគឺបង្កើតក្នុងឆ្នាំ១៩៩៣ ចេញពីការបោះឆ្នោត នៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ បច្ចុប្បន្នរដ្ឋធម្មនុញ្ញនេះមាន ១៥៨មាត្រា និង ១៦ជំពូក។
អត្ថបទ៖ សុខ លាភ