អ្នកនាំពាក្យ CPP ៖ មួយពូជ សម រង្ស៊ី ស៊ីបាយវាំងហើយ ប្រមាថព្រះមហាក្សត្រទៀត
ភ្នំពេញ ៖ ខណៈលោក សម រង្ស៊ី នៅតែលោកបន្តការប្រមាថព្រះមហាក្សត្រ វាយប្រហារឥតឈប់ឈរ អ្នកនាំពាក្យគណបក្សកាន់អំណាចវាយបកវិញថា មួយពូជស៊ីបាយវាំងហើយ នៅតែព្រហើន ហ៊ានប្រមាថព្រះមហាក្សត្រទៅវិញ។
តាមបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះលោក សុខ ឥសាន បានលើកឡើង ថា “ការប្រមាថព្រះមហាក្សត្រដែលមេឧទ្ទាមក្រៅច្បាប់(សម រង្ស៊ី)ធ្វើគឺជាចេតនា គឺជាចរិតក្រពើវង្វេងបឹងដែលមួយពូជស៊ីបាយ វាំងហើយ ប្រមាថព្រះមហាក្សត្រ តើឲ្យប្រជាជនកម្ពុជាជឿ និងដើរតាមម្តេចកើតទៅ ?”។
លោកបន្តថា បើព្រះមហាក្សត្រមិនជាទីស្រឡាញ់ និងជាទីគោរពរបស់មេឧទ្ទាមក្រៅច្បាប់ក៏ដោយ ក៏ព្រះមហាក្សត្រ នៅតែត្រូវបានប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស គោរពស្រឡាញ់ព្រះអង្គជាដរាបដែរ ហើយចាត់ទុកព្រះអង្គជាម្លប់ ដ៏ត្រជាក់សម្រាប់កូនចៅប្រជានុរាស្ត្ររបស់ព្រះអង្គដដែល ។
សូមបញ្ជាក់ថា លោក សម រង្ស៊ីតាមរយៈបទសំភាសន៍ ជាមួយវិទ្យុវីអូអេកាលពីថ្ងៃ២១ កញ្ញា លោកបានវាយប្រហារព្រះមហាក្សត្រទៀត។ លោកថា “បើមហាក្សត្រសព្វថ្ងៃ មិនអាចជួយរាស្ត្របានទេ គួរតែដាក់រាជ្យទៅ កុំធ្វើជាស្តេចល្ខោន ឲ្យ ហ៊ុន សែន ប្រើ ដើម្បីលម្អរបបតិរច្ឆានរបស់គាត់”។
យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រ ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរភាពជាតិ ហើយទ្រង់មានតួនាទីខ្ពង់ខ្ពស់ ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅ នៃ អំណាចសាធារណៈឲ្យមានភាពទៀងទាត់។ ទោះបីព្រះមហាក្សត្រ មិនកាន់អំណាចក្តី ប៉ុន្តែព្រះអង្គត្រូវបានការពារ ដោយរដ្ឋធម្មនុញ្ញ គឺមិនអាចនរណារំលោភបំពានបានឡើយ។
នៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ៤៣៧ ស្ទួន នៃជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតិបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណី ដែលតុលាការរកឃើញ មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕