សណ្ឋាគារ និងភោជនីយដ្ឋាន ២០កន្លែងនៅខេត្តសៀមរាប មានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី
(សៀមរាប)៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពី «បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍» ដែលរៀបចំធ្វើឡើងក្នុងខេត្តសៀមរាប លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអោយដឹងថា សណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានមូលដ្ឋាននៅក្នុងក្រុងសៀមរាបនេះ រកឃើញសណ្ឋាគារ ចំនួន១០កន្លែង ក្នុងចំណោមសណ្ឋាគារ ២០កន្លែង និងភោជនីយដ្ឋាន១០កន្លែង ក្នុងចំណោមភោជនីយដ្ឋាន២០កន្លែង ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍។
លោក ហោ សារុន បានគូសបញ្ជាក់ថា សិក្ខាសាលាស្តីពី បរិស្ថានគ្មានផ្សែងបារីនេះ បានរៀបចំជាច្រើនលើកមកហើយ ក្នុងទឹកដីខេត្តសៀមរាប តែអ្វីដែលគួរឲ្យកត់សម្គាល់គឺ កម្មវិធីនៅថ្ងៃនេះ ក៏មានពិធីចែកពាន បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ជូនដល់សណ្ឋាគារ និងភោជនីយដ្ឋាន ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នាពេលកន្លងមក។
លោក ហោ សារុន បានគូសបញ្ជាក់ទៀតថា ការជ្រើសរើសវាយតម្លៃ ផ្តល់ជូនសណ្ឋាគារ/ភោជនីយដ្ឋានឆ្នើម ដែលទទួលពានបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរ ដែលបានរៀបចំ ឡើង ដោយមានសូចនាករ លក្ខណៈវិនិច្ឆ័យត្រឹមត្រូវ យោងទៅតាមច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ក្រោមច្បាប់ រួមមាន៖ អនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំ -ល-។
លោកបន្ដថា ក្នុងបរិវេណមូលដ្ឋានរបស់ខ្លួន ទោះក្នុងទម្រង់ណាក៏ដោយ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផល ថ្នាំជក់ធម្មតា បានតែមួយកញ្ចប់ក្នុងមួយម៉ាក ត្រូវដាក់តាំងបង្ហាញឬលក់ តែផលិតផលថ្នាំជក់ណា ដែលមានសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរទំហំ៥៥ភាគរយ បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំង២ នៃកញ្ចប់ផលិតផលថ្នាំជក់៕
អត្ថបទ៖ សុខ លាភ