ក្រសួង​គាំទ្រ​ឱ្យ​បង្កើត​រោងចក្រ​ផលិត​បារី និង​ស៊ី​ហ្គា នៅ​ខេត្ត​ព្រះសីហនុ តែតម្រូវឲ្យក្រុមហ៊ុន​គោរពតាមលក្ខខណ្ឌ​ ៨ចំណុច

 

ភ្នំពេញ​៖ ក្រសួងបរិស្ថាន គាំទ្រ​ឱ្យ​បង្កើត​រោងចក្រ​ផលិត​បារី និង​ស៊ី​ហ្គា នៅលើ​ផ្ទៃដី​ជាង​១៨​​ហិកតា ស្ថិតក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ គម្រោង​នេះ ជា​របស់​ក្រុមហ៊ុន POWER CIGAR TABACCO CO.,LTD​។ ការសម្រេច​នេះ បន្ទាប់ពី​ក្រសួងបរិស្ថាន បើក​កិច្ចប្រជុំ​អន្តរក្រសួង កាលពី​ថ្ងៃទី​១៩ កញ្ញា​។​

​កិច្ចប្រជុំនេះ មានការចូលរួមពី​អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ​នៃក្រសួងបរិស្ថាន​ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ ចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ​ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា​ សរុបចំនួន​ ៣៦នាក់។

ជាលទ្ធផល​ អង្គប្រជុំ​បានសម្រេច​គាំទ្រគម្រោងបង្កើតរោងចក្រផលិតបារី និងស៊ីហ្គានេះ ប៉ុន្តែអង្គប្រជុំ​​ក៏បានដាក់ចេញនូវលក្ខខណ្ឌ ៨ចំណុច ដើម្បីឲ្យក្រុមហ៊ុនអនុវត្តតាម។ ៨ចំណុចបន្ថែមទៀតនោះ មាន​ដូចជា៖
១-ក្រុមហ៊ុនត្រូវមានផែនការគ្រប់គ្រងសំណល់រាវដែលចេញពីខ្សែសង្វាក់ផលិតកម្ម ដោយឆ្លងកាត់ប្រព្រឹត្តកម្មសំណល់រាវឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងយកសំណល់រាវដែលបានសម្អាតរួចយក ទៅស្រោចដើមឈើ រុក្ខជាតិ និងមួយផ្នែកទៀត បង្ហូរទៅក្នុងប្រឡាយ នៅមុខរោងចក្រ ដោយអនុលោមតាម ស្តង់ដាររបស់ក្រសួងបរិស្ថាន
២-ក្រុមហ៊ុនត្រូវមានផែនការកាត់បន្ថយក្លិនចេញពីរោងចក្រឱ្យបានត្រឹមត្រូវ ដោយបំពាក់ឧបករណ៍សម្អាតក្លិនចៀសវាងបង្កឱ្យមានការបំពុលខ្យល់ដែលនាំឱ្យមានការប៉ះពាល់ដល់សុខភាពបុគ្គលិក-កម្មករ និងការរស់នៅរបស់ប្រជាពលរដ្ឋក្បែរទីតាំងគម្រោង
៣-ក្រុមហ៊ុនត្រូវមានផែនការដាំដើមឈើក្នុងបរិវេណទីតាំងគម្រោងរបស់ក្រុមហ៊ុន ដើម្បីបង្កើត តំបន់បៃតង
៤-ក្រុមហ៊ុនត្រូវផ្តល់សម្ភារឧបករណ៍សុវត្ថិភាពការងារដល់បុគ្គលិក-កម្មករ រួមទាំងចុះបញ្ជី ប.ស.ស ដល់បុគ្គលិក-កម្មករឱ្យបានត្រឹមត្រូវ
៥-ក្រុមហ៊ុនធ្វើការពិនិត្យសុខភាព​បុគ្គលិក-កម្មករ រៀងរាល់ ៦ខែ/ម្តង
៦-ក្រុមហ៊ុនត្រូវផ្តល់ឱកាលការងារដល់ប្រជាជនមូលដ្ឋានចូលបម្រើការងារក្នុងក្រុមហ៊ុនឱ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន ព្រមទាំងចូលរួមអភិវឌ្ឍន៍ភូមិ-ឃុំទៅតាមលទ្ធភាព
៧-ក្រុមហ៊ុនត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការរៀបរាប់ដែលមាននៅក្នុងរបាយការណ៍ IESIA នេះ
និង ៨-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីកែសម្រួល និងបញ្ចូលមតិ​យោ​បល់​ចូលក្នុង​របាយការណ៍​នេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open