លោក ប៉ាវ ស៊ីណា នៅ​ឆ្នាំ​២០២០ នេះ ថៅកែ​រោងចក្រ ពិតជា​ទទួល​លាបធំ​ផ្ទួនៗ​គ្នា​មែន​

 

(​ភ្នំពេញ​)៖ មេដឹកនាំ​សហជីព​កម្មករ ១​រូប ក្នុងចំណោម​មេដឹកនាំ​សហជីព​កម្មករ​កាត់ដេ​រ ១៧​រូប ដែលជា​ភាគី​និយោជិត តំណាង​ឲ្យ​កម្មករ​កាត់ដេរ ចូលរួម​ចរចា​ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ សម្តែង​ការសោកស្តាយ និង​ការសម្រេច​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២០ ត្រឹមតែ​ចំនួន ១៩០​ដុល្លារ​។

​​លោក ប៉ាវ ស៊ីណា បានអោយដឹងថា ក្នុងចំណោម​មេដឹកនាំ​សហជីព​កម្មករ ១៧​រូប គឺ​មានតែ​មេដឹកនាំ​សហជីព​កម្មករ ៨​រូប​ទេ ដែល​បាន​បោះឆ្នោត គាំទ្រ​តួលេខ​របស់​ភាគី​សហជីព​កម្មករ ដែល​ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២០ ចំនួន ១៩៥ ដុល្លារ​។ លោក​ប៉ាវ​ស៊ីណា ហួសចិត្ត ព្រោះថា សូម្បីតែ​តួលេខ​របស់​សហជីព​ខ្លួនឯង ក៏​មេដឹកនាំ​សហជីព​កម្មករ ៩​រូប​ទៀត មិនបាន​បោះឆ្នោត​គាំទ្រ​ឡើយ​។​

​សរសេរ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ក្រោយចេញពី​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា លោក ប៉ាវ ស៊ីណា បានលើឡើងថា “​ឆ្នាំនេះ ថៅកែ​រោងចក្រ ពិតជា​ទទួល​លាបធំ​ផ្ទួនៗ​គ្នា​មែន​។ ​គ្រាន់តែ​លប់​ថ្ងៃ​ឈប់សម្រាក ៦​ថ្ងៃ គឺ​ចំណេញ ជាង ៤០ ដុល្លារ ទៅហើយ ក្នុង​កម្មករ​ម្នាក់ៗ រីឯ​ការដំឡើង​ប្រាក់ខែ អោយ​កម្មករ ក៏​តិចតួច​ទៀត​។ បើ​គិតតែ​សាច់​លុយ ដែល​និយោជក​ដំឡើង​អោយ​កម្មករ ហើយ​កុំ​បូក​បញ្ចូល និង​ប្រាក់ឧបត្ថម្ភ 3$ ពី​រាជរដ្ឋាភិបាល វិញ ពោលគឺ ដំឡើង​បានតែ 5$ ប៉ុណ្ណោះ ហើយ​បើ​យកមក​កាត់​កង និង​ការ​លប់​ថ្ងៃ​ឈប់សម្រាក 6​ថ្ងៃ គឺ និយោជក​ដំឡើង​អោយ​កម្មករ​តែ 1.5 ដុល្លារ ប៉ុណ្ណោះ​”​។​

​លោក​ប៉ាវ​ស៊ីណា បន្ថែមថា “​ម្យ៉ាង​សូម្បីតែ តំណាង​សហជីព​កម្មករ ចំនួន 17​រូប មាន 9​រូប នៅក្នុង​ក្រុម​ចរចា ក៏​មិន​គាំទ្រ​តួលេខ 195$ ដែលជា​តួលេខ​របស់​កម្មករ​ខ្លួនឯង​ដែរ​។ ពិតជា​មហាលាប​មែន !! នេះ​គ្រាន់តែ​ជាការ គណនា លេងៗ​ប៉ុណ្ណោះ​”​។​

​សូម​រម្លឹកថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែលជា​យន្តការ​ត្រីភាគី រវាង​ភាគី​និយោជិត តំណាង​ដោយ​សហជីព​កម្មករ ភាគី​និយោជក ជា​ថៅកែ​រោងចក្រ និង​ភាគី​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​ក្រសួង​ការងារ បាន​ជួបប្រជុំ​ផ្ទៃក្នុង ៨​លើក និង​កិច្ចប្រជុំ​ត្រីភាគី ចំនួន ៦​លើក ចាប់ពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​។ ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០ ត្រូវបាន​កំណត់​ជា​ផ្លូវការ​នូវ​ទឹកប្រាក់ ចំនួន ១៩០ ដុល្លារ​អាមេរិក ក្នុង ១​ខែ​។ ដោយឡែក ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដែល​កម្មករនិយោជិត ធ្លាប់​ទទួលបាន​កន្លង​មក ត្រូវ​រក្សាទុក​ដដែល​។ ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ ត្រូវអនុវត្ត ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ តទៅ​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds