នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ៖ ផលិតផលក្លែងក្លាយ បណ្តាលឲ្យមនុស្សរាប់សែននាក់បានស្លាប់
ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក ) បានសហការជាមួយស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា រៀបចំសិក្ខាសាលាសម្រាប់ធុរកិច្ចថៃនៅកម្ពុជាស្តីពី “ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅកម្ពុជា” ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ជាប្រធាន គ.ប.ផ.ក និងលោក ប៉ាន់យ៉ារក្ស ភូនសាប់ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ ។
នាឱកាសនោះ លោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធាន គ.ប.ផ.ក បានរំលឹក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានរយៈពេល ៧ថ្ងៃកន្លងមកនេះ មានកម្មវិធីធំៗពីរ ដែលកើតឡើងនៅកម្ពុជាមួយ និងពិធីមួយទៀតកើតឡើងនៅប្រទេសថៃនោះគឺ៖ពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា(MOU) រវាង គ.ប.ផ.ក. និង EUROCHAM ស្តីពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បានផ្តល់សិទ្ធិប្រទានដល់លោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ហើយនៅប្រទេសថៃនោះគឺ ពិធីដុតកម្ទេចផលិតផលល្មើសកម្មសិទ្ធិបញ្ញា ក្រោមអធិបតីភាព លោក ជុរិន្ទ ល័កសៈនៈវិសិធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីដុចកម្ទេចផលិតផលចំនួនជាង ១០លានមុខ ដែលមានតម្លៃសរុបប្រហែល ៥៥០លានបាត ដែលទាំងអស់នេះបង្ហាញឲ្យឃើញថាប្រទេសកម្ពុជា និងថៃ បានបោះជំហ៊ានទៅមុខដើម្បីទប់ស្តាក់និងបង្ក្រាបផលិតផលក្លែងក្លាយយ៉ាងម៉ឺងម៉ាត់បំផុត។
លោក នាយឧត្តមសេនីយ៍ បានបន្តលើកឡើងថា ៖ ការផលិតផលក្លែងក្លាយ ដែលជាការចម្លងម៉ាកផ្សេងៗ នៃផលិតផលដូចជា សំលៀកបំពាក់ កាបូប ស្បែកជើង ផលិតផលឱសថ គ្រឿងបន្លាស់យន្តហោះ និងយានយន្ត នាឡិកា គ្រឿងអេឡិចត្រូនិក វត្ថុសិល្បៈ របស់ក្មេងលេង និងខ្សែភាពយន្ត ។ល។
ពាក់ព័ន្ធនឹងការក្លែងស្លាកយីហោ និងឈ្មោះផលិតផល ដែលជាបទល្មើសកម្មសិទ្ធិបញ្ញា ផលិតផលក្លែងក្លាយភាគច្រើនមានគុណភាពទាប និងមានសារធាតុគីមីពុល មានគ្រោះថ្នាក់ដូចជា មានសារធាតុសំណក្នុងផលិតផលជាដើម ដែលផលិតផលក្លែងក្លាយទាំងនោះ បណ្តាលឲ្យមនុស្សរាប់សែននាក់បានស្លាប់ និងអាចបណ្តាលទៅគ្រោះថ្នាក់ ការពុល ឬករណីឱសថពុំមានប្រសិទ្ធភាពព្យាបាលជាដើម ។ ដើម្បីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងផលិតផលខុសច្បាប់ឲ្យមានប្រសិទ្ធិភាព យើងត្រូវមានច្បាប់ និងបទបញ្ញាតិគ្រប់គ្រាន់ មានឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ ផ្លាស់ប្តូរឥរិយាបទ នៃអ្នកប្រើប្រាស់ មានការអនុវត្ត ច្បាប់យ៉ាងមឺងម៉ាត់ ដោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ហើយមានកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង ស្ថាប័ននានា ក្នុងប្រទេស និងជាមួយប្រទេសជិតខាង និងបណ្តាប្រទេសលើសកលលោក អាជ្ញាធរពាក់ព័ន្ធត្រូវចេញសេចក្តីណែនាំ និងការព្រមានយ៉ាងមឺងម៉ាត់ ដល់បុគ្គលដែលមានស្តុកទុកនូវ ផលិតផលក្លែងក្លាយ និងបិទអាជីវកម្ម ហើយចំពោះម្ចាស់អចលនទ្រព្យ ដែលជួលទីតាំងហាង ឬឃ្លាំង និងត្រូវទទួលខុសត្រូវតាមបទបញ្ញាតិច្បាប់ ហើយត្រូវយកផលិតផលក្លែងក្លាយចេញពីទីផ្សារ និងចេញពីចរន្តលំហូពាណិជ្ជកម្មនានា ហើយនឹងមិនឲ្យវិលត្រលប់ចូលមកទីផ្សារវិញឡើយ ។
ទន្ទឹមនឹងនោះដែរ លោក ប៉ាន់យ៉ារក្ស ភូនសាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកទ្បើងថា យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការសម្រាប់សេដ្ឋកិច្ច សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងការិយាល័យកម្មសិទ្ធិបញ្ញា នៃសហភាពអឺរ៉ុបកាលពីខែមីនាឆ្នាំ ២០១៩ ពាណិជ្ជកម្មទំនិញក្លែងក្លាយ និងលួចចម្លងបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលបច្ចុប្បន្នវាឈរនៅ ៣,៣% នៃពាណិជ្ជកម្មពិភពលោក។ នេះពិតជាគួរឱ្យព្រួយបារម្ភ ក្នុងការពិចារណាថាទំហំពាណិជ្ជកម្មទាំងមូលនៅទ្រឹង និងការក្លែងបន្លំបានក្លាយជាការរីករាលដាលកាន់តែខ្លាំងឡើង នៅក្នុងយុគសម័យពាណិជ្ជកម្មអេឡិចត្រូនិច។ ក្រឡេកមើលផលិតផលក្លែងក្លាយ អាចមានលក្ខណៈស្រាលបើប្រៀបធៀប ទៅនឹងបញ្ហាឆ្លងដែនផ្សេងទៀតដូចជាសុខភាព សិទ្ធិមនុស្សនិងបរិស្ថាន។ ទោះយ៉ាងណាក៏ដោយការក្លែងបន្លំ គឺជាការពិតដែលជាឧក្រិដ្ឋកម្ម ដែលមិនត្រឹមតែធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចពិភពលោក និងកេរ្តិ៍ឈ្មោះរបស់ម្ចាស់អាជ្ញាប័ណ្ណ និងម្ចាស់ម៉ាកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបណ្តាលឱ្យស្លាប់ និងរងរបួសផងដែរ។ លោក ប៉ាន់យ៉ារក្ស ភូនសាប់ ក៏បានលើកទ្បើងអំពីកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី ១៤ នៅខេត្តសៀមរាប កាលពីខែមុន គឺសម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឱ្យប្រទេស ជាសមាជិកអាស៊ាន រួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃឱសថក្លែងក្លាយ និងអន់គុណភាពផងដែរ។
គូសបញ្ជាក់ផងដែរថា កាលពីខែតុលា ឆ្នា២០១៨ ក្នុងសន្និសីទថ្នាក់តំបន់ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដែលរៀបចំទ្បើងដោយ គ.ប.ផ.ក សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល និងវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ ប្រឆាំងឱសថក្លែងក្លាយ (IRACM) នៃប្រទេសបារាំងក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការគាំទ្រ យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង របស់ គ.ប.ផ.ក ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាពិសេសផលិតផលឱសថក្លែងក្លាយ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងការពារផលប្រយោជន៍ ស្របច្បាប់របស់អ្នកធុរកិច្ចនានា៕
អត្ថបទ៖ សុខ លាភ