ស្លាប់ម្នាក់ និង៣នាក់របួសធ្ងន់ ក្នុងហេតុការណ៍រថយន្តផ្ទុះកង់រេចង្កូតបុករថយន្តផ្សេងទៀត

(ពោធិ៍សាត់)៖ យ៉ាងហោចណាស់ស្រ្តីម្នាក់ ជាប្រពន្ធអ្នកបើកបររថយន្តម៉ាក SANG YONG បានបាត់បង់ជីវិតយ៉ាងរន្ធត់ និងអ្នករួមដំណើរ៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាក SANG YONG ផ្ទុះកង់រេចង្កូតទៅបុករថយន្ត FUSO ពេញទំហឹងក្នុងទិសដៅផ្ទុយគ្នា។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥ និង១៥៦ ស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាន ពីមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក SANG YONG ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2O- 3024 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានផ្ទុះកង់មុខផ្នែកខាងឆ្វេង ក៏រេចង្កូតទៅបុករថយន្តធុនធំម៉ាក FUSO ពណ៌ទឹកប្រាក់ ចង្កូតស្តាំ ពាក់ស្លាកលេខ BB-0215 ខណៈកំពុងធ្វើចរាចរណ៍ច្រាសទិសគ្នាបណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ មនុស្ស៤នាក់។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែកសាកសពត្រូវបានរក្សាទុករងចាំក្រុមគ្រួសារមកទទួល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open