ម៉ូតូ​មួយ​គ្រឿងបើកមិន​ប្រកាន់​ស្ដាំ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឲ្យ​ស្លាប់​បុរសម្នាក់​ នៅ​ក្រុង​តា​ខ្មៅ​

(កណ្តាល)៖ ម៉ូតូ​មួយ​គ្រឿង​ បើក​មិន​ប្រកាន់​ស្ដាំ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ ចូល​ក្នុង​គន្លង​ផ្លូវ​ម្ខាង​ទៀត​ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បើក​ច្រាស់ទិស​គ្នា​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​១០​នាទី​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ខាង​មុខ​វិទ្យាល័យ​ហ៊ុន​សែន​តា​ខ្មៅ​ លើ​កំណាត់​ផ្លូវជាតិ​២១​ ស្ថិត​នៅ​ក្នុង​ ភូមិ​ថ្មី​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ ។​

មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​៖​ ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ​ ម៉​ង់​ សិរី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទី​នៅ​ ភូមិ​ចេក​ ឃុំ​ឈើទាល​ ស្រុក​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ បើកបរ​ម៉ូតូ​ម៉ាក​SUZUKI​ SMASH​ V​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CY-7641​ ។​ ចំណែក​អ្នកបើកបរ​ម៉ូតូ​បង្ក​ពុំ​ស្គាល់​អត្តសញ្ញាណ​ រង​របួស​បាក់ជើង​ខាងស្ដាំ​ បើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ ។​

ប្រភព​ដដែល​បាន​បន្ត​ថា​៖​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​ម៉ូតូ​បង្ក​ម៉ាក​សង់​កូរ៉េ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ បើក​ដោយ​ល្បឿន​លឿន​ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​រេ​ចង្កូត​មក​ឆ្វេង​ ចូល​ក្នុង​គន្លង​ផ្លូវ​ម្ខាង​ទៀត​ បណ្ដាល​ឲ្យ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ស្មាស់​ បើក​ក្នុង​ទិស​ដៅ​ច្រាស់​គ្នា​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​ស្មាស់​ដួល​បោក​ក្បាល​ទៅ​នឹង​ផ្លូវ​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​រង​របួស​បាក់ជើង​ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។ ​ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​ វាស់វែង​ រួច​កសាង​ឯកសារ​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងតា​ខ្មៅ ​ដើម្បីចាត់ការ​តាម​នីតិវិធី​​ ។​

​ចំណែក​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds