ក្រសួងកសិកម្ម ផ្អាកការនាំចូលមាន់ពីបរទេស ដើម្បីការពារអ្នកចិញ្ចឹមក្នុងស្រុក តែអ្នកនាំចូលចេញប្រតិកម្ម
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការថ្មីមួយទៀត នោះគឺការផ្អាកនាំចូលពីប្រទេសថៃ ដោយទុកតែការនាំចូលពី វៀតណាមនោះ បានបង្កឲ្យក្រុមអាជីវករ ដែលធ្លាប់រកស៊ីនាំសត្វបក្សី (មាន់) រស់ពីប្រទេសថៃរាប់សិបឆ្នាំ បានជួបការលំបាក និងជាពិសេសប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃតគ្នា ទាំងអ្នកនាំចូល និងអ្នកទទួលទិញយកទៅលក់បន្ដឲ្យអ្នកបរិភោគ។
ចំណាត់ការថ្មីមួយនេះរបស់ក្រសួងកសិកម្ម ដើម្បីឆ្លើយតបទៅអ្នកចឹញ្ចឹមសត្វស្លាប់នៅកម្ពុជា។ តែយ៉ាងណាក៏ដោយ ក្រុមអាជីវករ និងអ្នកធ្លាប់រកស៊ីនាំមាន់រស់ពីប្រទេសថៃ នៅតែទទូចសុំឲ្យមានដំណោះស្រាយផ្លូវកណ្ដាលណាមួយ ពីក្រសួងកសិកមុ្ម ដើម្បីឲ្យអាជីពរបស់ពួកគេបន្ដដំណើរការ ហើយបើផ្អាកភ្លាមៗបែបនេះ នោះពួកគេមិនអាចបត់បែន ឬប្ដូរទិសដៅនាំចេញពីវៀតណាម ដែលមិនធ្លាប់ដើរនោះឡើយ។
ក្រុមអាជីវករទាំងនេះ ក៏នៅតែសុំឲ្យរដ្ឋមន្ដ្រីក្រសួងកសិកម្ម បើអាចបានសុំបន្តការអនុញ្ញាតនាំចូលពីថៃ ដោយបន្ថយចំនួននៃការនាំចូលខ្លះ និងកាត់បន្ថយពីការនាំចូលពីវៀតណាមខ្លះ ដើម្បីស្មើភាពគ្នា ទើបមិនប៉ះពាល់ខ្លាំង។
ជុំវិញការសម្រេចផ្អាកផ្តល់គោលការណ៍នាំចូលបក្សី (មាន់) បណ្តោះអាសន្ននេះ ត្រូវបានលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថា ជាវិធានការទប់ទល់នឹងការនាំចូលលើសតម្រូវការ ដែលនាំឲ្យខាតបង់ដល់អ្នកចិញ្ចឹមក្នុងស្រុក។ តម្រូវការសត្វបក្សក្នុង១ថ្ងៃៗកម្ពុជា ត្រូវការតែ១៧,០០០ក្បាលប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នគោលការណ៍នាំចូលមានរហូតដល់ ៤៤០០០ក្បាលក្នុងថ្ងៃឯណោះ។
លោក ថា «ចំពោះការនាំចូលបក្សីត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារបច្ចុប្បន្ន គោលការនាំចូលបក្សីមានសរុប ៤៤០០០ក្បាលក្នុង១ថ្ងៃ រីឯតម្រូវការនាំចូលត្រឹមតែចំនួន ១៧ ០០០ក្បាលក្នុងថ្ងៃប៉ុណ្ណោះ ដើម្បីបង្គ្រប់កង្វះខាត។ ការនាំចូលលើសពីតម្រូវការនេះ នាំឲ្យកសិដ្ឋានធំៗមានការត្អូញត្អែរ ពីការខាតបង់របស់ពួកគាត់ ព្រោះថ្លៃដើមក្នុងការផលិតសាច់មាន់១គីឡូក្រាមស្មើនឹង១.២ដុល្លារ ហើយបច្ចុប្បន្ននេះមាន់រស់១គីឡូក្រាមលក់មិនបានតំលៃ០១ដុល្លារផង»។
លោក ជឺ ប៊ុនថន ប្រធានក្រុមហ៊ុននាំចូលមាន់រស់ និងអាជីវករផ្សេងទៀត បានលើកឡើថា លោកបានទទួលសិទ្ធិចាប់តាំងពីឆ្នាំ២០១៧ ធ្វើអាជីវកម្មនាំមាន់រស់ចូលពីប្រទេសថៃ និងប្រទេសវៀតណាម ប៉ុន្តែរហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម បានឲ្យឈប់នាំចូលពីថៃ។
លោកបានឲ្យដឹងទៀតថា ការផ្អាកមិនបន្តឲ្យក្រុមហ៊ុនរបស់លោកធ្វើអាជីវកម្ម ហាក់ដូចជាមិនតម្លាភាព ព្រោះថាក្នុងពេលតែមួយ ខាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអនុញ្ញាតឲ្យក្រុមហ៊ុនផ្សេងបានបន្តសុពលភាព។
តំណាងអាជីវករលក់មាន់ អ្នកស្រី ម៉ន ក៏បានឲ្យដឹងដែរថា ពួកគាត់ជាអាជីវករធ្វើអាជីវកម្មជាមួយក្រុមហ៊ុន ជឺ ប៊ុនថន នាំសត្វមាន់ពីប្រទេសថៃ គឺមានការសហការ ក្នុងរបររកស៊ីមានភាពល្អប្រសើរ ដោយម្ចាស់ក្រុមហ៊ុន មិនបានគាបសង្កត់មកលើក្រុមអាជីវករឡើយ។ ប៉ុន្តែក្រោយ ពេលដែលខាងអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ មិនបន្តសុពលភាពឲ្យក្រុមហ៊ុន ធ្វើឲ្យពួកគាត់ពិតជាជួបការលំបាកផងដែរ៕
អត្ថបទ៖ សុខ លាភ