តុលាការសម្រេចឃុំខ្លួនសមាជិកក្រុមប្រឹក្សានីតិកម្មម្នាក់ ពាក់ព័ន្ធស៊ីដាច់ប្រាក់គេ២ម៉ឺនដុល្លារ
ភ្នំពេញ ៖ បន្ទាប់ពីបើកសាវនាការផ្ទាល់មាត់ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នសមាជិកក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃម្នាក់ កាលពីរសៀលថ្ងៃទី១៧ កញ្ញ ពាក់ព័ន្ធស៊ីដាច់ប្រាក់គេ២ម៉ឺនដុល្លារអាមេរិក រឿងយកទៅរត់ការចូលក្របខណ្ឌនគរបាលជាតិមិនបានសម្រេច ។
ជនសង្ស័យខាងលើឈ្មោះ ហុក គីមសាយ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេ២៧ ផ្លូវ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ សវនាការនេះ ជាសវនាការមុនអង្គសេចក្តី គឺបានធ្វើឡើងដោយលោកចៅក្រម សេង រិទ្ធី និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ ពាក់ពន្ធករណីឆបោក ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហុក គីមសាយ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ពេលសវនាការលោកចៅក្រមបានបញ្ជាក់ពីអង្គហេតុបន្តិចបន្តួច ទៅលើជនសង្ស័យដើម្បីឲ្យយល់ពីការសម្រេចឃុំខ្លួនបណ្តោះអាសន្ននេះ ព្រោះកន្លងមកជនសង្ស័យបាន គេចខ្លួនមិនព្រមចូលតាមដីកាកោះហៅរបស់តុលាការទេ ។
ការសម្រេចឃុំខ្លួននេះបន្ទាប់ពីជនសង្ស័យឈ្មោះ ហុក គីមសាយ នៅក្នុងអំឡុងឆ្នាំ២០១៧ បានយកប្រាក់ពីឈ្មោះ ម៉ែន ច័ន្ទវាសនា ចំនួន២ម៉ឺនដុល្លារអាមេរិក ដើម្បីទៅរត់ការចូលក្របខ័ណជាមន្ត្រីនគរបាលជាតិ ។ ប៉ុន្តែជនសង្ស័យមិនបានបំពេញកតប្បកិច្ច ទៅតាមអ្វីដែលបានសន្យាជាមួយម្ចាស់ប្រាក់ទេ ថែមទាំងស៊ីដាច់ប្រាក់គេ២ម៉ឺនដុល្លារអាមេរិកនោះទៀត ហើយគេចខ្លួនរហូតជាង២ឆ្នាំ ទើបត្រូវម្ចាស់ប្រាក់ប្តឹងសមត្តកិច្ចឲ្យចាប់ខ្លួនពីបទ.ឆបោក ។
ក្នុងសវនាការជនសង្ស័យឈ្មោះ ហុក គីមសាយ បានសារភាពថា ពិតជាបានប្រព្រឹត្តមែន តែប្រាក់នោះខ្លួនទទួលបានតែ៣០០០ដុល្លារទេ ក្រៅ ពីនេះបានប្រគល់ឲ្យទៅកូនលោកធំម្នាក់ទៀតរត់ការបន្ត ។ ដើម្បីការពារផលប្រយោជន៍ដល់ដើមបណ្តឹង និងជៀសវាងការគេចខ្លួនចំពោះជនសង្ស័យ ចៅក្រមជម្រះផ្ទាល់បានសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្នុងការឃុំខ្លួន ក្នុងដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕
អត្ថបទ៖ សុខ លាភ