ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ បច្ចុប្បន្នបញ្ហាសិទ្ធិមនុស្សកម្ពុជាមានការីកចម្រើនលើគ្រប់វិស័យ
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា បច្ចុប្បន្នអន្តរក្រសួងនឹងក្រសួងពាក់ព័ន្ធកំពុងខិតខំប្រឹង ប្រែងអនុវត្ត នឹងគោរពតាមច្បាប់ ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពុងរបស់កម្ពុជា។ ការខិតខំនេះ បានធ្វើឱ្យបញ្ហាសិទ្ធិមនុស្សកម្ពុជា មានការីកចម្រើនលើគ្រប់វិស័យ។
ការថ្លែងរបស់ឯកឧត្តម កែវ រ៉េមី នេះធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំក្រុមការងារ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា (គណ:កម្មការទី១នៃរដ្ឋសភា) នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីពិភាក្សាគ្នា ពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស ជាពិសេសការផ្លាស់ប្តូរយោបល់បទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមក លើការងារលើកស្ទួយការការពារសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ។
បច្ចុប្បន្ននេះ បញ្ហាសិទ្ធិមនុស្សកម្ពុជា មានការីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមមាន៖ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សិទ្ធិរបស់ជនឬក្រុមជាក់លាក់ដូចជាស្ត្រី កុមារ ជនពិការ ជនជាតិភាគីតិច ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងសិទ្ធិសេរីភាពការងាររបស់ពលករ ក៏ដូចជាសិទ្ធិសេរីភាពការជួបជុំគ្នាការបង្កើតអង្គការក្រៅរដ្ឋាភិបាល បក្សនយោបាយ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រួមទាំងសេរីភាពសារព័ត៌មាន។ល។ នេះបើតាមការអះអាងរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ឯកឧត្តម កែវ រ៉េមី ថា អ្វីដែលក្រុមអតីតគណបក្សប្រឆាំង និងសម្ព័ន្ធមិត្ត នាំគ្នាចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា បានរឹតត្បិតសិទ្ធិសេរីភាព បញ្ចេញមតិ ការជួបជុំ រឹតត្បិតប្រព័ន្ធសារព័ត៌មាន និងការរឹតត្បិតសិទ្ធិនយោបាយ គឺមានចរិតជានយោបាយ មិនឆ្លុះបញ្ចាំងពីតថភាពពិតជាក់ស្តែង និងទិដ្ឋភាពច្បាប់នៅកម្ពុជាឡើយ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១នៃរដ្ឋសភា បានសាទរចំពោះខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានជួយសម្របសម្រួលដោះស្រាយនឹងរាយការណ៍ពីស្ថានភាពទាំងអស់ទាក់ទងសិទ្ធិមនុស្សនៅកម្ពុជា នឹងបានចូលរូមចំណែកក្នុងការលើកស្ទួយកិត្តិសព្ទរបស់ប្រទេសនៅលើឆាកអន្តរជាតិ។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរ ក៏បានឯកភាពគ្នាត្រួតពិនិត្យលទ្ធភាពមួយចំនួនក្នុងការរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០១៩ រួមគ្នារវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិរួមមានរដ្ឋសភា និងព្រឹទ្ធសភាផងដែរ៕
អត្ថបទ៖ សុខ លាភ