ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោន ប្រឹងទទូចថាអ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត?
យោងតាមការចេញផ្សាយពីសារព័ត៌មាន RT នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថាអារ៉ាប៊ីសាអ៊ូឌីតបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីទិញប្រព័ន្ធការពារមីស៊ីល Patriot របស់អាមេរិក និងបច្ចេកវិទ្យារ៉ាដា ដើម្បីការពារប្រព័ន្ធដែនអាកាស។
ការវាយប្រហារដោយយន្ដហោះដ្រូនលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត បានបង្កការព្រួយបារម្ភជាថ្មី ពីលទ្ធភាពនៃការផ្ទុះជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែលអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកសុទ្ធតែអះអាងដូចគ្នាថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ យ៉ាងណាមិញ ការវាយប្រហារនេះ ក៏ត្រូវបានក្រុមអ្នកជំនាញមើលឃើញផងដែរ ពីភាពបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា ក្រោយការវាយប្រហារលើរោងចក្រប្រេង របស់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត ARAMCO ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែន (គំាទ្រដោយអ៊ីរ៉ង់) បានចេញមុខអះអាងថា ខ្លួនជាអ្នកប្រព្រឹត្ត ហើយសូម្បីតែប្រព័ន្ធផ្សព្វផ្សាយនានា ក៏បានរាយការណ៍ផងដែរថា ការវាយប្រហារនេះគឺចេញពីប្រទេសយ៉េមែន។ ខណៈក្រុមមន្ត្រីអាមេរិក បែរជាចេញមុខអះអាងតាមពីក្រោយថា ការវាយប្រហារនេះមានប្រភពចេញពីទឹកដីអ៊ីរ៉ង់ ឬអ៊ីរ៉ាក់ទៅវិញទេ។
គួរជម្រាបថា អារ៉ាប៊ីសាអូឌីតធ្លាប់បានអះអាងថា ប្រព័ន្ធការពារដែនអាកាសអាមេរិក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្ទាក់ចាប់ និងបំផ្លាញមីស៊ីលចេញពីប្រទេសយ៉េមែន។ ប៉ុន្តែ កាលពីឆ្នាំ២០១៨ និងក្នុងឆ្នាំ២០១៩នេះ ទីក្រុងរីយ៉ាដខ្លួនឯងផ្ទាល់ក៏បានអះអាងផងដែរថា ក្រុមឧទ្ទាមហ៊ូទីនៅក្នុងប្រទេសយ៉េមែន បានដឹកនាំការវាយប្រហារជាបន្តបន្ទាប់ មកលើហេដ្ឋរចនាសម្ព័ន្ធជាច្រើននៅលើទឹកដីរបស់ខ្លួន ជាពិសេសគឺទៅលើរាជធានីរីយ៉ាដ ដែលជាបេះដូងនៃរាជាណាចក្រប្រេងនេះតែម្តង។
* តើហេតុអ្វីបានជាសហរដ្ឋអាមេរិកប្រឹងទទូចថា អ៊ីរ៉ង់ជាអ្នកធ្វើទៅវិញ?
គឺការទទួលស្គាល់ថា ក្រុមឧទ្ទាមហ៊ូទីដ៏តូចកំប៉ិកកំប៉ុកជាអ្នកនៅពីក្រោយការវាយប្រហារ មានន័យស្មើនឹងទទួលស្គាល់ថា ប្រព័ន្ធការពារដែនអាមេរិក Patriot នៅលើទឹកដីអារ៉ាប៊ីសាអូឌីត ដែលមានតម្លៃរាប់ពាន់លានដុល្លារ គឺគ្មានសមត្ថភាព ឬគ្មានប្រយោជន៍តែម្ដង ព្រោះសូម្បីតែការវាយប្រហារពីក្រុមឧទ្ទាមហ៊ូទី ក៏មិនទប់ទល់បានផង។
* តើមានហេតុផលអ្វីផ្សេងទៀតទេ ក្នុងការចោទប្រកាន់ទាំងកម្រោលលើអ៊ីរ៉ង់?
អ្នកជំនាញខ្លះទៀតបានយល់ផ្សេងពីខាងលើការអះអាងខាងលើនេះ ដោយពួកគេបានសន្និដ្ឋានថា អាមេរិកប្រឹងចេញមុខចោទប្រកាន់លើអ៊ីរ៉ង់ ព្រោះចង់ប្រមូលកម្លាំងអន្តរជាតិដាក់សម្ពាធ និងដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំតេហេរ៉ង់ ឬក៏អាចថា វាជាលេសបន្ថែមទៀតក្នុងការធ្វើការវាយប្រហារណាមួយ ដោយយោធាទៅលើអ៊ីរ៉ង់ផងក៏ថាបាន៕