កាកសំណល់ប្លាស្ទិកទាំង៦៩កុងតឺន័រ មកពីអាមេរិក និងកាណាដា ត្រូវបាន ដឹកចេញពីកម្ពុជា
ភ្នំពេញ ៖ កាលពីថ្ងៃទី១៥កញ្ញាកន្លងទៅ កាកសំណល់ប្លាស្ទិក ដែលនៅសេសសល់ ទាំង៦៩កុងតឺន័រ ដែលមានប្រភពមក ពីអាមេរិក និងកាណាដា ត្រូវបានក្រុមហ៊ុនCHUNGYUEN PLASTIC MANUFACTURE CO., LTD ដឹកចេញពីកម្ពុជា អស់ហើយ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៦កញ្ញាបានបញ្ជាក់ថា”កាលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុន បានបន្តដឹកចេញពីកម្ពុជា នូវកាកសំណល់ប្លាស្ទិកចំនួន៦៩ កុងតឺន័រ ដែលនៅសល់”។
កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយនិង រដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងស្ថាប័ន ពាក់ព័ន្ធបានគាស់ទូកុងតឺន័រ ចំនួន៨៣នៅក្នុងកំពង់ ផែក្រុងព្រះសីហនុ បានរកឃើញសំរាមប្លាស្ទិកទម្ងន់ ប្រមាណ ១៦០០តោនមានប្រភពមកពីអាមេរិកនិងកាណាដា។
សូមរំលឹកថា កាលពីយប់ថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ក្រុមហ៊ុន ដែលដឹកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រ មានប្រភពមកពីអាមេរិកនិងកាណាដា ចូលមកកម្ពុជានោះបាន បង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ព្រមទាំងបានបង់ថ្លៃចំណតផែ ថ្លៃកប៉ាល់មួយចំនួន និងបានដឹកចេញចេញពីកម្ពុជាចំនួន ១៤ កុងតឺន័រ ៕
អត្ថបទ៖ សុខ លាភ