សម្តេចតេជោ ប្រតិកម្មចំពោះក្រុមប្រឆាំង ដែលរិះគន់រាជរដ្ឋាភិបាល ថាបញ្ជួនពលករឲ្យ ទៅធ្វើខ្ញុំគេនៅបរទេស
ភ្នំពេញ៖ ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ មន្រ្តីជាន់ខ្ពស់ ការងារលើកទី៥ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV ( កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ក្រោមប្រធានបទ ការឆ្ពោះទៅកាន់ កិច្ចគាំពារពលករ ទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យ សន្តិសុខសង្គមនៅថ្ងៃទី១៧កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញប្រតិកម្ម ចំពោះក្រុមប្រឆាំង ដែលបានរិះគន់ រាជរដ្ឋាភិបាលថា បណ្ដេញពលករឲ្យ ទៅធ្វើការនៅក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការបញ្ជូនពលករឲ្យបម្រើការនៅក្រៅប្រទេសជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល និងបណ្តាប្រទេសដៃគូទាំងអស់ មិនមែនជាការបញ្ជូនឲ្យទៅធ្វើខ្ញុំគេ ដូចជាការចោទប្រកាន់មួយចំនួននោះឡើយ។ ការដោះស្រាយការងារ របស់ពលករគឺជារឿងសំខាន់ ដែលត្រូវរួមគ្នាដោះស្រាយ ខណៈការចល័តពលករខ្លះ បានទៅដល់មជ្ឈឹមបូព៌ា ដោយពលករនៅប្រទេសអាស៊ាន ធ្វើការនៅទីនោះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា មិនដឹងចង្រៃអ្វីនៅកម្ពុជា ពេលយើងខិតខំរកឱកាសការងារជូនពលរដ្ឋនៅក្រៅប្រទេស បែរជាមានគេចាត់ទុកថា យើងបញ្ជូនពលរដ្ឋខ្លួនឯង ឲ្យទៅស៊ីឈ្មួលគេទៅវិញ បើមិនធ្វើការទេធ្វើម្តេចយើងរស់បាន ធ្វើការមានក្នុង និងក្រៅប្រទេស៕
អត្ថបទ៖ សុខ លាភ