កម្លាំងនគរបាលកម្ពុជា ត្រៀមខ្លួន ដើម្បីចាប់លោក សម រង្ស៉ី យកមកផ្ដន្ទាទោសតាមច្បាប់
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា កម្លាំងនគរបាលទូទាំងប្រទេស បានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ។
ក្នុងសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មានទទួលបាន អគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា «អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើការចាប់ខ្លួន ទណ្ឌិតក្បត់ជាតិរូបនេះមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីការពារបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលើកស្ទួយការពារព្រះចេស្តា និងព្រះកិត្តិនាម ដ៏ថ្លៃថ្លារបស់អង្គព្រះមហាក្សត្រ ជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង»។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងគឃ្លើនបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕
អត្ថបទ៖ សុខ លាភ