តុលាការសម្រេចចោទប្រកាន់ និងស្នើសុំឲ្យឃុំខ្លួន សម រង្ស៉ី ជាបណ្តោះអាសន្ន ពីបទប្រមាថអង្គព្រះមហាក្សត្
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ និងតឹងរឹងបំផុតចំពោះទង្វើលោក សម រង្ស៉ី ដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតនៃរាស្រ្តខ្មែរទូទាំងនគរ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា បានសម្រេចចេញដីកាចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនលោក សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌ នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ។
ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរដែលអង្គភាពព័ត៌មានទទួលបាននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា «ខ្ញុំបានសម្រេចចោទប្រកាន់លោក សម រង្ស៉ី និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនលោក សម រង្ស៉ី ជាបណ្តោះអាសន្ន»។
ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ បានសម្រេច៖ បើកការស៊ើបសួរលើអង្គហេតុខាងលើនិងស្នើសុំ ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ សម រង្ស៉ី ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ (ក្រៅឃុំ) ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៤៣៧ ស្ទួន ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន៕