ខ្មែរមួយក្រុមទៅពេទ្យថៃមើលជំងឺ ស្រាប់តែត្រលប់មកវិញជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ៥នាក់ស្លាប់ និងរបួស៧នាក់

(ប្រទេសថៃ)៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:២៤ នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតំបន់វត្តនូនជីក ឃុំវឌ្ឍនាណាខុន ស្រុកវឌ្ឍនាណាខុន ខេត្តស្រះកែវ ប្រទេសថៃ បង្កឲ្យមនុស្ស៥នាក់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់។

តាមរបាយការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេបានប្រទះឃើញឡានឈ្នួលមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ បាងកក ៣៣-៤៩៣៣ បើកបរដោយតៃកុងឡានជាជនជាតិថៃដឹកអ្នកដំណើរកម្ពុជាចំនួន១០នាក់ ដែលជាភ្ញៀវ និងអ្នកទៅព្យាបាលជម្ងឺ ចេញពីមន្ទីរពេទ្យក្រុងបាងកក ឆ្ពោះមកព្រំដែន។ មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Toyota Camery ពាក់ស្លាកលេខ ស្រះកែវ กข ៣៧៨៩ ជិះមកក្នុងទិសបញ្ច្រាសគ្នា បែកកង់រេចង្កូតមកបុកមួយទំហឹងបង្កឲ្យមានគ្រោះថ្នាក់។

ក្នុងគ្រោះថ្នាក់នេះបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៥ នាក់ជាជនជាតិខ្មែរ៤នាក់ ក្នុងនោះមានក្មេងប្រុសអាយុ១១ឆ្នាំមួយរូប ព្រមជាមួយតៃកុងឡានជនជាតិថៃម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៧នាក់។ មន្ត្រីប៉ូលីសខ្មែរថៃបានជួយសម្រុះសម្រួលគ្នា ដើម្បីបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែងរកខុសត្រូវដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកសាកសពអ្នកស្លាប់ត្រូវបានបញ្ជូនទៅក្រុមគ្រួសារឲ្យធ្វើពិធីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open