ស្នងការរងខេត្តបាត់ដំបង នឹងបក្សពួក រងការចោទថា បាន​ស៊ីដាច់លុយខ្មោចមន្រ្តីនគរបាល់អស់រាប់រយលានរៀល​

លោកឧត្តមសេនីយត្រី សៅ សាម៉ុន ស្នងការរង និងជាប្រធានផែនធនធានមនុស្ស នៃស្នងការនគរបាលខេត្តបាត់ដំបង នឹងលោកវរសេនីយ៍ទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក រងការចោទថា បាន​ស៊ីដាច់លុយខ្មោចមន្រ្តីនគរបាល់អស់រាប់រយលានរៀល​។ ការចោទនេះ ធ្វើឡើងបន្ទាប់ពីមានក្រុម​គ្រួសារ​អតីត មន្ត្រីនគរ​បាលរដ្ឋមួយរូបបាទទួលប្រាក់បៀវត្សរ៍ ក្រោយពីស្វាមីរបស់ខ្លួនបានទទួល​មរណៈ​ភាព ។

ប្រភពពីមន្ត្រី នៃស្នងការនគរបាលខេត្តបាត់ដំបង ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោកវរ​សេនីយ៍ទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក នឹងលោកឧត្តមសេនីយត្រី សៅ សាម៉ុន ស្នងការរង និងជាប្រធានផែនធនធានមនុស្ស នៃស្នងការនគរបាលខេត្តបាត់ដំបង បានឃុបឃិតគ្នាស៊ីដាច់ប្រាក់​សមាគម​មិត្តប៉ូលីស ឬថវិកាឧបត្ថម្ភជាច្រើននាក់ មិនតិចជាង២០០ ទៅ៣០០ លានរៀលនោះទេ ។

ប្រភពដដែលឱ្យដឹងទៀតថា នាយការិយាល័យបុគ្គលិក ឃុបឃិតគ្នានឹងលោកឧត្តមសេនីយត្រី សៅ សាម៉ុន ស្នងការរង រួមដៃគ្នា កិបកេងថវិកាជាតិ ដោយគ្មានមន្ត្រីថ្នាក់ក្រោមណា ហ៊ានក្អកជាមួយឡើយ ហើយក៏គ្មានខាងអធិការកិច្ចណាចុះទៅត្រួតពិនិត្យអ្វីដែរ  ។

យោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ នៃគ្រួសារសព នឿន ខ្លី នៅឃុំព្រៃខ្ពស់ ស្រុក​បវេល​ ដែលរងអយុត្តិធម៌ហើយ​បង្ហោះតាមគណនីទំព័រហ្វេសបុករបស់ខ្លួន បានប្រាប់ fast news ថា ក្រោយគាត់បង្ហោះភាពអយុត្តិធម៌រឿងបាត់ប្រាក់ខែប្តី ខាងការិយាល័យបុគ្គលិក និង​លោកស្នងការរងសៅ សាម៉ុន បានដោះស្រាយឲ្យ២លានរៀលសិន និងសុំពន្យាពេល១០ថ្ងៃទៀត ដើម្បី​សង់​បង្រ្គប់ឲ្យ នឿន ខ្លី ចំនួន១១ ៣៣៩ ០០០រៀល រយៈពេល៩ខែ។

ជំវិញការចោទប្រកាន់នេះ fast news មិនទាន់អាចទាក់ទងលោកវរសេនីយ៍ទោ វេ គឹមស៊ីម នាយ​ការិយា​ល័យបុគ្គលិក នឹងលោកឧត្តមសេនីយត្រី សៅ សាម៉ុន ស្នងការរង និងជាប្រធានផែនធនធាន​មនុស្ស ដើម្បីបំភ្លឺ ឆ្លើយតបទៅហ្នឹងការចោទប្រកាន់នេះនៅឡើយទេ​។

គួររម្លឹកថា ការទម្លាយរឿងរ៉ាវនេះ ផ្ទុះឡើងស្របពេលរាជរដ្ឋាភិបាល  ធ្វើកំណែរទម្រង់លុបបំបាត់អំពើ​ពុករលួយ ដោយអនុវត្តអភិក្រមទី៥ គឺវះកាត់ទៅលើមន្រ្តី នៃក្រសួងស្ថាប័នមួយចំនួន។ គេសង្ឃឹមថា ក្រោយបែកធ្លាយដំណឹងនេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) នឹងចុះស៊ើបអង្កេត ដើម្បីដឹងច្បាស់ថា ករណីនេះ ជាក់ស្តែងទៅជាបែបណា?៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds