អ្នកនាំពាក្យការបរទេស ឆ្លើយតប​ទៅ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក រឿងទ​ម្លា​ក់​ចោលការ​ចោទប្រកាន់​លោក កឹម សុខា

(ភ្នំពេញ)៖ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា កម្ពុជា​ទាមទារ​ឱ្យ​អ្នកនយោបាយ និង​រដ្ឋ​ការបរទេស​ទាំងអស់​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រព័ន្ធ​ពហុភាគី​និយម និង​បទដ្ឋាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ។ ការថ្លែងបែបនេះឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០១៩ ដែល​នៅក្នុង​ចំណោម​បញ្ហា​ដទៃ​ផ្សេងទៀត បានទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ម្លា​ក់​ចោលការ​ចោទប្រកាន់​ទាំងអស់​ប្រឆាំង​លោក កឹម សុខា​»។

​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា ដែល​បានចេញ​ផ្សាយ​នៅ​ម៉ោង​កណ្តាល​អា​ធ្រា​ត្រ ថ្ងៃទី​១០ ឈានចូល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅក្នុង​សេចក្តីថ្លែងការណ៍ បាន​គូសបញ្ជាក់ថា « កម្ពុជា​ទាមទារ​ឱ្យ​អ្នកនយោបាយ និង​រដ្ឋ​ការបរទេស​ទាំងអស់​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រព័ន្ធ​ពហុភាគី​និយម និង​បទដ្ឋាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ ដូចដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ គោរព​អធិបតេយ្យ​ភាព​កម្ពុជា និង​ចៀសវាង​ពី​ការជ្រៀតជ្រែក​ចូល​​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដោយ​យក​លេស​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​»​។

​អ្នកនាំពាក្យ​បន្តថា «​ចាប់តាំងពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ផ្អែកលើ​ហេតុផល​មនុស្សធម៌ លោក កឹម សុខា ត្រូវបាន​ដោះលែង​ឲ្យ​មក​រស់នៅ​ក្នុងផ្ទះ​របស់​គាត់​ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល ក្រោម​ការត្រួតពិនិត្យរ​បស់​តុលាការ​។ ដូច​បណ្តា​ប្រទេស​ដទៃទៀត ដែល​អនុវត្ត​ប្រព័ន្ធ​ច្បាប់​ស៊ីវិល​(civil law) នីតិវិធីតុលាការ​កម្ពុ​ជា​មិនមាន​ចែង​អំពី​ថេរៈវេលា​អតិបរិមា សម្រាប់​រឿងក្តី​ដែល​ស្ថិតក្រោម​ការឃ្លាំមើល​តាម​ផ្លូវ​តុលាការ​នោះទេ​»​។

​«​យើង​សូម​រំលឹកថា ការបរាជ័យ​ក្នុងការ​ប៉ុនប៉ង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​របប តាមរយៈ​មធ្យោបាយ​មិនមែន​ប្រជាធិបតេយ្យ មិនមែនជា​ការអនុវត្ត​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ នោះទេ​។ រាជរដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​អធិបតេយ្យ​ពេញលេញ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​ចាំបាច់ ចំពោះ​បុគ្គល​និង​អង្គភាព​ទាំងឡាយណា​ដែល​រំលោភ​រដ្ឋធម្មនុញ​កម្ពុ​ជា និង​ច្បាប់​ជា​ធរមាន​ផ្សេងទៀត សំដៅ​ការពារ​សន្តិសុខ​ជាតិ និង​នីតិរដ្ឋ​របស់ខ្លួន​»​។​ នេះជាកាលើកឡើងរបស់អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បន្ថែមថា «​កម្ពុជា​ទាមទារ​ឱ្យ​អ្នកនយោបាយ និង​រដ្ឋ​ការបរទេស​ទាំងអស់​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​​គោលការណ៍​ប្រព័ន្ធ​ពហុភាគី​និយម និង​បទដ្ឋាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ ដូចដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ គោរព​អធិបតេយ្យភាព​កម្ពុជា និង​ចៀសវាង​ពី​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដោយ​យក​លេស​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​»៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open