សិស្ស AIS ជាប់បាក់ឌុបឆ្នាំនេះ ចំនួន៤៧០នាក់ ក្នុងនោះនិទ្ទេសA មានចំនួន ១១នាក់
លទ្ធផលផ្លូវការ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រកាសនៅថ្ងៃទី៩ ខែកញ្ញា សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយបន្តប្រកាសនៅថ្ងៃនេះ សម្រាប់មណ្ឌលប្រឡងនៅតាមបណ្តាខេត្តនានា។
ជាលទ្ធផលសិស្សានុសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាសាលាចំណេះទូទៅឯកជន ដ៏ល្បីល្បាញមួយក្នុងរាជធានីភ្នំពេញ ចំនួន៤៧០នាក់ ទទួលបានជោគជ័យក្នុងការប្រឡងនេះ។ ក្នុងនោះសិស្សជាប់និទ្ទេសA មានចំនួន ១១នាក់, និទ្ទេសB ចំនួន៥០នាក់, និទ្ទេសC ចំនួន៧៣នាក់, និទ្ទេសD ចំនួន ៩៩នាក់ និងនិទ្ទេសE ចំនួន២៣៧នាក់។
តាមការប្រកាស របស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី៩ ខែកញ្ញា នេះ បេក្ខជនប្រឡងជាប់ទូទាំងប្រទេសមានចំនួន ៧៩,០៥២នាក់ ប្រមាណជាង ៦៨.៦២% ច្រើនជាងឆ្នាំ២០១៨ ដែលមាន ៦៧.០៧%។ បេក្ខជនជាប់និទ្ទេសA មានចំនួន ៤៤៣នាក់ និទ្ទេសB ចំនួន២៤៣០នាក់ និទ្ទេស C ចំនួន៥៨៤៧នាក់ និទ្ទេស D ចំនួន១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២ នាក់។
ចំពោះអ្នកទទួលបាននិទ្ទេសA ចំនួន៤៤៣នាក់នោះ រាជធានីភ្នំពេញ ១៤១នាក់ ខេត្តសៀមរាប ៣៨នាក់ បាត់ដំបង៣២នាក់ តាកែវ២៩នាក់, កំពង់ចាម២៧នាក់, ព្រៃវែង២៧នាក់ បន្ទាយមានជ័យ២៥នាក់, កណ្តាល២៣នាក់ កំពត២៣នាក់, ត្បូងឃ្មុំ១៥នាក់ កំពង់ធំ១៤នាក់ ព្រះសីហនុ១៣នាក់ ស្វាយរៀង៨នាក់, ពោធិ៍សាត់៧នាក់, កំពង់ឆ្នាំង៦នាក់, កំពង់ស្ពឺ ៦នាក់, ក្រចេះ៤នាក់ រតនគិរី ២នាក់, កោះកុង១នាក់, មណ្ឌលគិរី១ និងខេត្តឧត្តរមានជ័យ១នាក់។
សូមជម្រាបផងដែរថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានបេក្ខជនចូលរួមសរុប១១៧,០៤៣ នាក់ និងមានមណ្ឌលប្រឡងចំនួន២០២មណ្ឌល ចែកចេញជា ៤,៧២៤ បន្ទប់នៅរាជធានី-ខេត្តទូទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សុខ លាភ