អ្នកជំនាញអចលនទ្រព្យ៖ ការឈប់ផ្ដល់អាជ្ញាប័ណ្ណល្បែងភ្នាល់តាមអនឡាញ អាចប៉ះពាល់ចំពោះវិស័យអចលទ្រព្យរយៈពេលខ្លីតែប៉ុណ្ណោះ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណ ចំពោះល្បែងភ្នាល់តាមអនឡាញទាំងក្នុង និងក្រៅប្រទេសថា អាចប៉ះពាល់ចំពោះវិស័យអចលទ្រព្យរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្ដែជាការសម្រេចចិត្ដដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្ដារស្ថានភាពនៅខេត្តព្រះសីហនុឲ្យប្រសើរឡើងវិញ។ នេះជាការលើកឡើងរបស់អ្នករកស៊ីល្បីឈ្មោះរបស់កម្ពុជា២រូប ក្នុងវិស័យអចលទ្រព្យ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះមួយ បានបញ្ជាក់ថា ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ត្រូវរាជរដ្ឋាភិបាលបានសិក្សា និងអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណឲ្យតាំងពីឆ្នាំ២០១៦ ដោយទាក់ទាញបានការចូល មកវិនិយោគរបស់ជនបទេស ពិសេសជនជាតិចិន។

លោកថា ដោយសារតែឥទ្ធិពល ផលអវិជ្ជមាននៃល្បែងភ្នាល់តាមអនឡាយ ដែលកម្ពុជាទទួលបានបទពិសោធន៍ជាង៣ឆ្នាំនេះ ទើបនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំមួយ ដោយបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស។

លោកឧកញ៉ា នួន រិទ្ធី បញ្ជាក់ថា «យើងគិតថា Game Online នេះទាក់ទាញការវិនិយោគ ប៉ុន្តែផលប្រយោជន៍ និងការផ្តល់ការងារពុំបានផ្តល់ដល់ប្រជាជនកម្ពុជានោះទេ គឺអ្នកបម្រើការងារសុទ្ធតែមកពីបរទេស។ ជាក់ស្តែងកំពង់សោម រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានខូចខាតស្ទើរទាំងស្រុងលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យទេសចរណ៍ផងដែរ។ យើងដឹងថា ការលុប Game Online នេះ មានផលប៉ះពាល់ តែផលប៉ះពាល់នោះមានទំហំតូច ហើយមិនអាចទុកឲ្យប៉ះពាល់នោះរំាងស្ទះ ដល់ការរីកចម្រើនរបស់កម្ពុជានោះទេ»។

រីឯ លោកបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេតវិញមើលឃើញថា ការបញ្ចប់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាយ ប៉ះពាល់លើវិស័យអចលនទ្រព្យតែរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែជាចំណាត់ការល្អរបស់រាជរដ្ឋាភិបាល ព្រោះបើទុកយូរទៀត ស្ថានភាពនៅព្រះសីហនុ ពិបាកស្តារឡើងវិញ ឬមិនអាចគ្រប់គ្រងបាន។

លោក គឹម ហ៊ាង បញ្ជាក់ថា «ជារួមបើមើលតែមួយភ្លេតទៅ ការបញ្ចប់ល្បែងភ្នាល់តាមអនឡាញ គឺប៉ះពាល់ដល់វិស័យដីធ្លីតែរយៈពេលខ្លី ដែលក្រៅពីព្រះសីហនុ មានតំបន់ផ្សេងទៀត ដូចជាបាវិត និងប៉ោយប៉ែតផងដែរ ដែលជាកន្លែងប្រមូលផ្តុំដោយកាស៊ីណូ។…បើយើងមិនទប់ស្កាត់ឥឡូវនេះ [លំហូរនៃពលរដ្ឋចិន ធ្វើការក្នុងអាជីវកម្មល្បែងអនឡាញ] បើយើងទុកបែបនេះ រយៈពេលតែ៣ឆ្នាំទៀត គឺនឹងដល់ដំណាក់កាលមួយគ្រប់គ្រងលែងបាន។ ខ្ញុំសប្បាយចិត្តដែលរាជរដ្ឋាភិបាល បានប្រកាសថា ឈប់ឲ្យមានអាជ្ញាបណ្ណល្បែងភ្នាល់តាមអនឡាញនេះ»។

ជាមួយគ្នានេះ ក្រោយបញ្ចប់អាជ្ញាបណ្ណល្បែងភ្នាល់តាមអនឡាញ អ្នកជំនាញក្នុងវិស័យអចលទ្រព្យទាំង២រូបរំពឹងថា ស្ថានភាពវិស័យទេសចរណ៍ និងការគ្រប់គ្រងរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់នៅខេត្តព្រះសីហនុ នឹងល្អប្រសើរឡើងវិញ រួមទាំងផ្តល់ផលល្អដល់វិស័យមីក្រូសេដ្ឋកិច្ចផងដែរ។ ជាពិសេសនៅពេលហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តអភិវឌ្ឍន៍បានល្អឡើងវិញនោះ តម្លៃចលទ្រព្យក៏នឹងមានសន្ទុះកើនឡើងថែមទៀត។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះ៕

 

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open