បុរសម្នាក់បើករថយន្ត Lexus LX 570 ពាក់ស្លាកលេខ ខ.ម លឿនដូចហោះទៅបុកឃឿន និងបង្គោលប៉ាណូបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប Lexus LX 570 ពាក់ស្លាកលេខ ខ.ម លឿនដូចហោះទៅបុកឃឿន និងបង្គោលប៉ាណូផ្សាយពាណិជ្ជកម្ម បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង២យប់ ចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកLexus LX 570 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ០១ 2-9297 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម លុះមកដល់ចំណុចស្ពានអាកាស៧មករា ដោយរថយន្តលឿនពេកបួងចង្កូតមិនទាន់ក៏ជ្រុលបុកឃឿន ឡើងសួនច្បារ បុកបង្គោលស្លាកប៉ាណូពាណិជ្ជកម្មចំពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។
ចំណែកឯម្ចាស់រថយន្តវិញរងរបួសបែកមុខ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួច ធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕