ថ្ងៃនេះ ០៩-០៩-១៩ ជាថ្ងៃគម្រប់ខួប ១ឆ្នាំ ដែលលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ទទួលមរណភាព
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ គឺជាថ្ងៃគម្រប់ខួប ១ឆ្នាំ នៃការទទួលមរណភាពរបស់ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមមរាប តាំងពីឆ្នាំ១៩៩២។ លោកបានចំណាយពាក់កណ្តាលជីវិតចុងក្រោយជាង២៥ឆ្នាំក្នុងបុព្វហេតុសុខមាលភាពកុមារកម្ពុជា គុណូបការៈរបស់លោក ក្នុងការជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នេះហើយ ដែលប្រជាជនកម្ពុជា ជាពិសេសកុមារកម្ពុជា បានចងចាំទុកក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបាន។
ដូច្នេះហើយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរពេទ្យគន្ធបុប្ផា និង មូលនិធិគន្ធបុប្ផា បានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប១ឆ្នាំ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ បេអាត រិចឈ្នឺរ នៅសៀមរាប និងនៅភ្នំពេញ ពិធីបុណ្យបានប្រារព្ធនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលនៅទីនោះមានចេតិយតម្កល់នូវអដ្ឋិធាតុរបស់លោក។ ពិធីបុណ្យនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានការចូលពីសំណាក់បុគ្គលិកមន្ត្រីរាជការ និងថ្នាក់ដឹកនាំ មន្ទីរពេទ្យជ័យវរ្ម័នទី៧ និងតំណាងមូលនិធិគន្ធបុប្ផាស្វីស Dr Denis Laurent និងការនិមន្តចូលរួមដោយជ្រះថ្លាពីព្រះសង្ឃជាង ៤០០អង្គ។
ចំណែកនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ក៏បានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប១ឆ្នាំនេះផងដែរ នៅរសៀលថ្ងៃសៅរ៍ទី៧ និងព្រឹកថ្ងៃអាទិត្យទី៨ ខែកញ្ញាឆ្នាំ២០១៩ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការចូលរួមជាអធិបតីនៃឯកឧត្ដម សាស្ត្រាចារ្យ រដ្ឋលេខាធិការ ធា គ្រុយ និងវត្តមានឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមូលនិធិគន្ធបុប្ផាស្វីស មន្ទីរពេទ្យគន្ធបុប្ផា រួមទាំងបុគ្គលិកមន្រ្តីរាជការនៃមន្ទីរពេទ្យទាំងមូល។
លោកសាស្រ្តាចារ្យ បេអាត រិចឈ្នឺរ បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ។ លោកគឺជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមមរាប តាំងពីឆ្នាំ១៩៩២។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជានិងសប្បុរសជនគ្រប់ទិសទូទាំងក្នុងប្រទេស និងក្នុងប្រទេសស្វីស បច្ចុប្បន្នមន្ទីរពេទ្យមួយនេះបាននិងកំពុងទទួលការព្យាបាលកុមារកម្ពុជាច្រើនលើសលុបទូទាំងប្រទេស ដោយឥតគិតថ្លៃប្រកបដោយគុណភាពនិងឥតរើសអើង៕