ចូលម៉ាស្សាម្តង បាត់ស្បែកជើង! បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់ !!
(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ វ័យប្រហែលជាង៣០ឆ្នាំ ផឹកស្រវឹង បានបើករថយន្ត RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AY-3569 ចូលមកម៉ាស្សានៅទីតាំងមួយកន្លែង ដែលមានយីហោ ១៦៩ម៉ាស្សាកោសជប់ តម្លៃ៣ដុល្លារ ស្រាប់តែក្រោយមកផ្អើលឆោឡោថា ស្ត្រីអ្នកកោសជប់នោះ បានបន្លំលួចស្បែកជើងរបស់គាត់ ដែលមានតម្លៃជិត១០០ដុល្លារ ផ្អើលដល់សមត្ថកិច្ច ទាំងយប់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមសម្តីរបស់នារីម៉ាស្សាបាននិយាយថា បុរសនេះមិនទាន់ទាំងបានគិតលុយថ្លៃសេវាម៉ាស្សាឲ្យផង បែរជាកើតរឿងបាត់ស្បែកនេះតែម្តង ហើយឲ្យពួកគាត់ស្បត់នៅឯណាក៏បាន គឺពួកគាត់មិនបានលួចដូរស្បែកជើង របស់បុរសនេះទេ និងបាននិយាយទៀតថា ធ្លាប់តែរឿងបន្លំលួចលុយភ្ញៀវ តែមិនដែលមានបន្លំលួចស្បែកជើងអញ្ចឹងទេ។
ចំណែកបុរសនោះ ឡូឡាថា ស្បែកគាត់មានតម្លៃជិត១០០ដុល្លារ ហេតុអ្វីក៏មានអ្នកលួចដូរបន្លំមកពាក់ស្បែកជើងជំពាវចាស់ទៅវិញ ហើយគាត់ត្រូវបានគេបន្លំដូរពិតប្រាកដមែន ព្រោះគាត់មានរថយន្ត មានមាសពាក់ រឿងអ្វីមក ចង់ធ្វើស៊ីរឿងបាត់ស្បែកជើងប៉ុណ្តឹង។
លុះក្រោយកើតហេតុ សមត្ថកិច្ចបានហៅមេការហាងម៉ាស្សាឲ្យទៅសាកសួរ តែបែរជាមិនឃើញខាងបុរសនោះ ទៅដាក់ពាក្យបណ្តឹងសោះ បែរជាបើករថយន្តទៅណាបាត់តែម្តង៕