លោក មហាធៀ មហាម៉ាត់ «បើស្ថានការណ៍នៅហុងកុងកាន់តែអាក្រក់ឡើង ចិនអាចប្រើកម្លាំងបាយដើម្បីបញ្ចប់បញ្ហា»
យោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលលោកកំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ថា ការបន្តធ្វើបាតុកម្មនៅទីក្រុងហុងកុង បង្ហាញពីដែនកំណត់នៃក្របខណ្ឌប្រទេសមួយ ប្រព័ន្ធពីរ និងបានសម្តែងការព្រួយបារម្ភថា ចិនអាចនឹងប្រើប្រាស់កម្លាំងបាយ ដើម្បីបញ្ចប់វិបត្តិបច្ចុប្បន្ននៅក្នុងទីក្រុងហុងកុង បើសិនជាស្ថានការណ៍កាន់តែអាក្រក់ឡើង។
គួរជម្រាបថា លោក មហាធៀ បានលើកឡើងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ជប៉ុន NHK ថា«ខ្ញុំមិនដែលគិតថាប្រទេសមួយដែលមានប្រព័ន្ធពីរផ្សេងគ្នា អាចធ្វើការបានយូរនោះទេ ហើយប្រាកដណាស់ថារឿងនេះបានកើតឡើង។ បើសិនជាពួកគេ (ចិន) មិនអាចដោះស្រាយបញ្ហា រីឯស្ថានភាពកាន់តែអាក្រក់ ហើយការទាមទារឯករាជ្យ ឬក៏ស្វ័យភាពផ្ទុះឡើងកាន់តែខ្លាំង ខ្ញុំយល់ថា ចិននឹងមិននៅស្ងៀមហើយឈរឱបដៃមើលឡើយ… ហើយចិនអាចនឹងប្រើប្រាស់ កម្លាំងបាយដើម្បីបញ្ចប់បញ្ហាទៀតផង»។
គួរបញ្ជាក់ថា បើទោះជាសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបានប្រកាសលុបចោលទាំងស្រុងក៏ដោយ ប៉ុន្តែវាយឺតពេលទៅហើយ ព្រោះបច្ចុប្បន្នក្រុមបាតុករមិនមែនត្រឹមតែប្រឆាំងនឹងច្បាប់នេះទេ គឺប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលទីក្រុងហុងកុងតែម្ដង នោះគឺពួកគេកំពុងទាមទារឲ្យអភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ ចុះចេញពីតំណែង ប៉ុន្តែមេដឹកនាំរូបនេះក៏បានបញ្ជាក់ជាច្រើនដងរួចមកហើយដែរថា លោកស្រីនឹងមិនចុះចេញនោះឡើយ៕