រាជរដ្ឋាភិបាល បញ្ជារអោយអាជ្ញាធរជាតិ ដោះស្រាយវិវាទដីធ្លីពលរដ្ឋ​៣២​គ្រួសារនៅស្រុក​ព្រៃនប់ ក្រោយប្រតិភូបក្សយុវជនកម្ពុជាចុះសិក្សា

ភ្នំពេញ​៖ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​បង្កើត​ឡើងជា​ផ្លូវការ​រយៈពេល​ជាង១ឆ្នាំមកហើយ​។ បញ្ហា​សង្គម និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ ត្រូវបាន​លើក​យកទៅដាក់​ពិភាក្សា ក្នុងជំនួប​ប្រចាំ​ឆ្នាំ កាលពី​ចុងខែសីហា កន្លងមក​។ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់លោក ពេជ្រ ស្រស់ ត្រូវបាន​គេ​មើលឃើញថា កំពុង​តែមាន​សកម្មភាព​លេចធ្លោរ នៅក្នុង​ការដោះស្រាយ​បញ្ហា​សង្គម​។​

បន្ទាប់ពីចុះសិក្សាវិវាទដីធ្លីក្នុងស្រុក​ ព្រៃនប់​ ខេត្ត​ ព្រះសីហនុ របស់ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងដាក់សំណើរទៅប្រមុខរដ្ឋាភិបាលកាលពីថ្ងៃទី២៨ សីហា តាមរយៈយន្តការនៃឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នៅថ្ងៃទី៤ ខែកញ្ញា នេះរាជរដ្ឋាភិបាលបានចេញ សេចក្តីជូនដំណឹង ឲ្យអាជ្ញាធរជាតិ ដោះស្រាយវិវាទដីធ្លីពិនិត្យដោះស្រាយលើករណីទំនាស់ដីធ្លីរបស់​ ប្រជាពលរដ្ឋ​៣២​ គ្រួសារស្ថិតនៅតំបន់ត្រួតស៊ីគ្នា​ ៣ឃុំក្នុងស្រុក​ ព្រៃនប់​ ខេត្ត​ ព្រះសីហនុ​ ដែលប្រតិ​ភូគណបក្សយុវជនកម្ពុជាបានចុះសិក្សាកន្លងមក។ នេះបើយោងតាមទំព័រហ្វេសបុករបស់លោក ពេជ្រ ស្រស់​ ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោក ពេជ្រ ស្រស់ សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានស្នើ៣ចំនុច ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួយអន្តរាគមន៍ ១. ករណីជម្លោះដីធ្លី​ ២៨គ្រួសារនៅ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ, ២. ករណីជម្លោះដីធ្លី ៩ គ្រួសារ​ នៅសង្កាត់ស្លរក្រាម​ ខេត្តសៀមរាប, ៣. ករណីជម្លោះដីធ្លី ៩ គ្រួសារ​ នៅសង្កាត់​នគរធំ ខេត្ត​សៀមរាប។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

 

គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតឡើងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ ជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យការងាររយៈពេលមួយឆ្នាំ ដើម្បីរកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕

អត្ថបទ៖ សុខ លាភ

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds