មុនជូបគ្នាល្ងាចនេះ កម្ពុជា ពុំធ្លាប់ឈ្នះ ឬស្មើហុងកុង ក្នុងប្រវត្តិធ្លាប់ជួបគ្នា ៥លើក កន្លងមក

(ភ្នំពេញ)៖ ការប្រកួតដំបូងក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសហុងកុង នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ។

ការប្រកួតដំបូងក្នុងពូល C នៃវគ្គជម្រុះ ធ្វើឡើងក្រោយខកខាន ៣ឆ្នាំ បន្ទាប់ពីក្រុមទាំងពីរធ្លាប់ប្រកួតមិត្តភាព២លើក កាលពីខែកញ្ញា និងខែតុលា ឆ្នាំ២០១៦។ ប៉ុន្ដែក្រឡេកទៅមើលប្រវត្តិធ្លាប់ជួបគ្នា ៥លើកចាប់ពីឆ្នាំ១៩៥៧ រហូតដល់ឆ្នាំ២០១៦ កម្ពុជា ពុំធ្លាប់ឈ្នះ ឬស្មើហុងកុងម្ដងឡើយ។

លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ការប្រកួតដ៏សំខាន់ និងអស្ចារ្យនេះ ដ្បិតលោកទទួលស្គាល់ហុងកុង គឺជាក្រុមខ្លាំង និងកីឡាករមានកាយសម្បទាល្អ។ យ៉ាងណាមិញលោកថា ក្រុមខ្លួននឹងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើន ពិសេសគឺការលេងដោយទំនុកចិត្ត ក្លាហាន និងមានឆន្ទៈក្នុងការប្រយុទ្ធជានិច្ច។

សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតនេះ កម្ពុជា និងហុងកុង នឹងដើរតួធ្វើជាម្ចាស់ផ្ទះរៀងៗខ្លួន សម្រាប់ការប្រកួតទី២ ក្នុងពូល C ក្នុងនោះកម្ពុជា ត្រូវបន្ដបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិបារ៉ែនវិញម្ដង ខណៈហុងកុង ត្រូវត្រឡប់ទៅបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលជាក្រុមខ្លាំងក្នុងពូលនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds