មេប៉ូលិសក្រុងភ្នំពេញ ហៅអធិការរងខណ្ឌម្នាក់ មកសួរនាំរឿងគំរាមសម្លាប់ប៉ូលិសចរាចរណ៍
ភ្នំពេញ៖ បន្ទាប់ពីអធិការរងខណ្ឌឬស្សីកែវម្នាក់ រងការចោទប្រកាន់ថា គំរាមសម្លាប់នាយផ្នែកចរាចរណ៍ខណ្ឌ័ឬស្សីកែវ ក្រោយជនរងគ្រោះមិនព្រមដោះលែងជនល្មើសចរាចរណ៍ ច្បាប់ស្រវឹងហើយបើកបរយាន្តយន្តតាមដងផ្លូវ។ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា នេះលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានហៅអធិការរងរូបនេះមកសាកសួរ។
លោក ចាន់ ពៅ អធិការរងខណ្ឌឫស្សីកែវ អាចត្រូវរងនូវពិន័យខាងកងកម្លាំង និងអាចប្រឈមការផ្អាកការងារផងដែរ បើសិនរកឃើញកំហុស ។
ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា «ខ្ញុំពិនិត្យមើលហើយ ខ្ញុំកំពុងតែហៅមក ដើម្បីដាក់ពិន័យ ខាងកងកម្លាំង ហើយបើរកឃើញថា ពិតជាមានការគំរាមមែន យើងពិនិត្យមើលតាមនឹងទៅ អាចផ្អាកការងារ មួយរយៈសិន ហើយកំពុងតែហៅមកធ្វើការ» ។
មហាជនកំពុងរង់ចាំមើល ចំណាត់ការរបស់លោក ស ថេត លើលោក ចាន់ ពៅ អធិការរងខណ្ឌឫស្សីកែវ ទៅជាយ៉ាងណាវិញ ខណៈលោកនាយផ្នែក ដែលជាជនរងគ្រោះសំណូមពរអោយថ្នាក់ដឹកនាំ ជួយរកយុត្តិធម៌ អោយរូបគាត់ផង ព្រោះអធិការរងទំនើងរូបនេះ គំរាមសម្លាប់រូបគាត់ អោយស្លាប់ចោលប្រពន្ធនិងកូន ៕
អត្ថបទ៖ សុខ លាភ