អធិការរងខណ្ឌឬស្សីកែវ រងការចោទថាគំរាមសម្លាប់នាយផ្នែកចរាចរណ៍ ព្រោះមិនព្រមដោះលែង ជនល្មើសចរាចរណ៍

ភ្នំពេញ៖ អធិការរងខណ្ឌឬស្សីកែវម្នាក់ រងការចោទប្រកាន់ថា គំរាមសម្លាប់នាយផ្នែកចរាចរណ៍ខណ្ឌ័ឬស្សីកែវ ក្រោយជនរងគ្រោះមិនព្រមដោះលែងជនល្មើសចរាចរណ៍ ច្បាប់ស្រវឹងហើយបើកបរយាន្តយន្តតាមដងផ្លូវ។

លោកអធិការរង ដែលរងការចោទប្រកាន់ថាគំរាមសម្លាប់នាយផ្នែកនោះឈ្មោះ ចាន់ ពៅ ជាអធិការរងខណ្ឌឬស្សីកែវ ទទួលផ្នែកសេនាធិការ។ ចំណែកជនរងគ្រោះដែលត្រូវបានលោកអធិការរងរូបនេះគំរាមសម្លាប់នោះឈ្មោះ លី រ៉ូហ្សាត ជានាយផ្នែកចរាចរណ៍ខណ្ឌឬស្សីកែវ។

ប្រភពបានឲ្យដឹងថា នៅយប់ថ្ងៃទី២ កញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ធានខណ្ឌឬស្សីកែវ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នឹងជាតិស្រវឹង នៅតាមបណ្ដោយផ្លូវជាតិលេខ៥​ មុខវិទ្យាល័យឬស្សីកែវ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានលោកស្នងការរង នឹងលោកអធិការរងទទួលផ្នែកចរាចរណ៍ជាអ្នកដឹកនាំ។

បន្ទាប់ពីអនុវត្ដន៍បានប្រហែលជាកន្លះម៉ោងកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានពិនិត្យឃើញអ្នកមានជាតិស្រវឹងលើសកម្រិតចំនួន ៣នាក់ ដែលជាអ្នកបើកម៉ូតូ ក្នុងនោះមានម្នាក់មិនបានសហការណ៍ផ្លុំ ហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការបញ្ជូនទៅស្នងការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ មួយសន្ទុះក្រោយមក ស្រាប់តែលោក ចាន់ ពៅ អធិការរងរូបនោះ​ បានទូរស័ព្ទមកលោកនាយផ្នែកដោយបញ្ជាឲ្យដោះលែងជនលើសជាតិអាល់កុលនោះ ក៏ប៉ុន្ដែលោកនាយផ្នែកបានប្រាប់ទៅវិញថា «គាត់គ្មានសិទ្ធដោះលែងទេ គាត់គ្រាន់តែជានាយផ្នែក» ។

បន្ទាប់មកលោកបានអោយឲ្យលោកអធិការរងរូបនោះទូរស័ព្ទទៅលោកអធិការងទទួលផ្នែកចរាចរណ៍ដែលកំពុងដឹកនាំទៅ លោកអធិការរងរូបនោះក៏បានបិតទូរស័ព្ទទាំងខឹងសម្បា។ មួយសន្ទុះក្រោយមក ស្រាប់តែឃើញបុរសម្នាក់ ដែលមានជាតិស្រវឹងលើសម្នាក់ក្នុងចំណោម ៣នាក់ ដែលកម្លាំសមត្ថកិច្ចបញ្ជូនទៅស្នងការនោះត្រឡប់មកវិញក្រលើម។ ហើយលោកអធិការរងរូបនោះបានផ្ញើរសារសម្លេងគំរាមសម្លាប់ជាច្រើន មកលោកនាយផ្នែកធ្វើឲ្យលោកនាយផ្នែកមានការភិតភ័យយ៉ាងខ្លាំង ។

ជាមួយគ្នានេះដែរ ជនរងគ្រោះសង្ឃឹមថា សម្ដេចក្រឡាហោម ស ខេង ជួយរកយុត្តិធម៌ឲ្យខ្លួន នឹងមានវិធានការលើអធិការរងរូបនេះ ប្រសិនជាគ្មានចំណាត់ការទេនោះ មិនដឹងមានមនុស្សប៉ុន្មាននាក់ទេ ដែលអាចនឹងរងគ្រោះដោយសារលោកអធិការរងរូបនេះ ព្រោះសូម្បីតែមន្ត្រីប៉ូលិសកូនលោកផ្កាយ ក៏លោកអធិការរូបនេះហ៊ានបាញ់គម្រាមរួចមកហើយដែរ។

ជាមួយការចោទប្រកាន់នេះអង្គភាព fast news daily មិនអាចទាក់ទងលោក ចាន់ ពៅ ជាអធិការរងខណ្ឌឬស្សីកែវ ទទួលផ្នែកសេនាធិការ អធិការរង ដែលរងការចោទប្រកាន់ថាគំរាមសម្លាប់នាយផ្នែកនោះ ដើម្បីឆ្លើយតបបានទេនៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ​។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds