មន្ត្រីក្រសួង៖ ម្ចាស់សំណង់១០ទីតាំងនៅព្រះសីហនុ បើមិនព្រមរុះរើទេ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់

ព្រះសីហនុ៖ ម្ចាស់សំណង់១០ទីតាំង ដែលត្រូវបានរកឃើញថា ជាសំណង់ដែលមិនមានគុណភាពហើយតម្រូវឲ្យរុះរើជាបន្ទាន់ តែមិនព្រមរុះរើនោះ កុំចាំបាច់ហត់ ចាយពេលវេលានិងធនធានដើររកអ្នកអន្តរាគមន៍ទប់ស្កាត់នោះទេ គឺគ្មានប្រយោជន៍ឡើយ ព្រោះនេះគឺជាកត្តាសុវត្ថិភាពដល់អាយុជីវិតទាំងប្រជាពលរដ្ឋរស់នៅជុំវិញ ក៏ដូចជាសុវត្ថិភាពម្ចាស់សំណង់ផងដែរ។ នេះជាកាលើកឡើងរបស់ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ។

ឯកឧត្តម ឡៅ ទិព្វសីហា បានបន្ថែម ថាបើមិនព្រមរុះរើទេអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។ តែបើរុះរើដោយស្ម័គ្រចិត្តនោះ បន្ទាប់ពីបានរុះរើហើយ អាជ្ញាធរនិងមន្ត្រីជំនាញនឹងជួយសម្រួលការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស និងចេញលិខិតអនុញ្ញាតសាងសង់ឡើងវិញអោយបានឆាប់ដើម្បីជាការប៉ះប៉ូវនូវការខូចខាតនេះ។

ការលើកឡើង បែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃ ទី០២ ខែកញ្ញា​ ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមវត្តមានម្ចាស់សំណង់និងម្ចាស់ទីតាំងជួលដីចំនួន១៤ទីតាំង ដែលគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់បានពិនិត្យឃើញថា សំណង់ទាំងនេះមិនមានគុណភាពហើយអាចប្រឈមនឹងហានិភ័យដល់អ្នករស់នៅក្នុងនោះនិងប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅជុំវិញផងដែរ ទើបរដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់សម្រេចឲ្យម្ចាស់សំណង់រុះរើដោយខ្លួនឯង ក្នុងនោះមានម្ចាស់សំណង់ចំនួន ៤ កន្លែងបាននឹងកំពុងរុះរើចេញដោយស្មគ្រ័ចិត្ត៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds