ដើម្បីសុវត្តិភាព ថៃបានបំពាក់កាមេរ៉ាកម្រិត 4K តាមភ្លើងស្តុបក្នុងក្រុងបាងកកដើម្បីចាំអ្នកមិនគោរពច្បាប់

ថៃ៖ តាមបទប្បញ្ញត្តិ “Thailand 4.0” ប្រព័ន្ធកាមេរ៉ានៅតាមភ្លើងស្តុបថ្មីៗជាប្រភេទ 4K កំពុងដំណើរការទូទាំងទីក្រុងបាងកក ចាប់តាំងពីថ្ងៃទី៣០ ខែសីហា។ កាមេរ៉ាថ្មីនេះនឹងដំណើរការ ២៤/៧ ដើម្បីការពារប្រឆាំងនឹងអ្នកបើកបរដែលល្មើសនៅចំណុចផ្លូវបំបែក។ អំឡុងពេលសាកល្បងចាប់ពីថ្ងៃទី០១ ដល់ ១៤ ខែសីហា បានបង្ហាញថា អ្នកបើកបរចំនួន ២២,២៦០នាក់ បានបើកឆ្លងផ្លូវនៅពេលមានភ្លើងក្រហម ពោលគឺ ១,៥៩០នាក់ ក្នុងមួយថ្ងៃៗជាមធ្យម។ ការផ្តន្ទាទោសចំពោះការរំលោភបែបនេះ គឺនឹងពិន័យជាប្រាក់ ១,០០០បាត ជាមួយនឹងសំបុត្រចរាចរ ដែលនឹងផ្ញើទៅផ្ទះរបស់អ្នកដោយស្វ័យប្រវត្តិ។

ទីក្រុងបាងកកគឺជាទីក្រុងឈានមុខគេមួយរបស់ពិភពលោក បើនិយាយពីរឿងមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។ ប្រព័ន្ធបែបនេះតាមពិតត្រូវបានប្រើប្រាស់តាំងពី ឆ្នាំ២០០៩ ប៉ុន្តែបច្ចេកវិទ្យាចាស់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការចាប់ស្លាកលេខរថយន្តនៅពេលយប់ទេ។ ឥឡូវនេះបច្ចេកវិទ្យាថ្មីត្រូវបានធ្វើឱ្យប្រសើរឡើង ដែលបានដាក់តាមចំណុចភ្លើងស្តុបចំនួន ៣០ នៅទូទាំងទីក្រុងបាងកក។ ពួកគេនឹងដាក់ផ្លាកសញ្ញាព្រមានចំនួន ២ ដើម្បីឱ្យអ្នកបើកបរយល់ដឹងអំពីភ្លើងសញ្ញា នៅចម្ងាយ ១០០ម៉ែត្រ និង ៥០ម៉ែត្រ មុនដល់ផ្លូវបំបែក។ ហើយទីតាំងនីមួយៗនឹងមានម៉ាស៊ីនថតពី ២ ទៅ ៣ ដែលមានគុណភាពបង្ហាញរូបភាពកម្រិត 4K និងបច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds