ប្រទះឃើញរថយន្តបាកុងដឹកឈើ ជាច្រើនគ្រឿង លាក់ខ្លួនក្នុងព្រៃសំឡូត ខេត្តបាត់ដំបង
បាត់ដំបង ៖ រថយន្តបាកុងដឹកឈើ(អារ៉េវ)រាប់សិបគ្រឿងរបស់ក្រុមហ៊ុនមួយ ដែលតែងតែកាប់បំផ្លាញព្រៃឈើ នៅក្នុងស្រុកសំឡូតនាពេលកន្លងមក កំពុងសម្ងំលាក់ខ្លួនយ៉ាងសុខសាន្តនៅក្នុងព្រៃនៃភូមិសាស្ត្រនានាក្នុងស្រុកនេះនៅឡើយ ខណៈការចុះបង្ក្រាប ឬការចុះស្រាវជ្រាវស្វែងរកបទល្មើសព្រៃឈើ និងវត្ថុតាងប្រព្រឹត្តបទល្មើសទាំងនេះពីសំណាក់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធ ហាក់មិនកម្រើកក្នុងស្ថានភាពស្ងាត់ឈឹងដូចចោរលួចសេះ ។
ប្រភពព័ត៌មានបានទម្លាយប្រាប់ការសែតក្នុងស្រុក ថា គេបានប្រទះឃើញរថយន្តបាកុងដឹកឈើរាប់សិបគ្រឿងកំពុងសម្ងំលាក់ខ្លួនពួនអាត្មានៅក្នុងព្រៃជ្រៅនៅតំបន់«ថ្មបាំងឬតំបន់ភ្នំសំកុស ឬនៅតាមតំបន់ព្រៃដទៃទៀត» ក្នុងភូមិសាស្ត្រនានានៃទឹកដីឃុំតាតោក ស្រុកសំឡូត ។ ប្រភពនេះបានប្រាប់ថា រថយន្តទាំងនោះភាគច្រើនជារថយន្តដឹកឈើរបស់ក្រុមហ៊ុន រ័ត្ន សម្បត្តិ ដែលមានទីតាំងនៅក្នុងភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ។
ពេលខ្លះគេក៏ធ្លាប់ប្រទះឃើញរថយន្តប្រភេទនេះរាប់សិបគ្រឿងទៀត ត្រូវបានគេបញ្ជូនពីតំបន់ដទៃទៀត ចូលមកសម្ងំលាក់ខ្លួន នៅក្នុងភូមិសាស្ត្រនានានៃស្រុកសំឡូតនេះដែរដែលភាគច្រើនធ្វើសកម្មភាពនៅពេលយប់ ។ រថយន្តបាកុងទាំងនោះ ទំនងពួកប្រព្រឹត្តបទ ល្មើសព្រៃឈើបញ្ជូនមកពីតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្លងព្រំប្រទល់ខេត្តទាំង២ ឆ្ពោះចូលមកកាន់ស្រុកសំឡូត ដើម្បីរត់គេចពីការតាម ចាប់របស់សមត្ថកិច្ច ។
ជាមួយគ្នានេះដែរ គេក៏មិនធ្លាប់ឃើញអាជ្ញាធរ ឬមន្ត្រីព្រៃឈើ ឬស្ថាប័នពាក់ព័ន្ធណាមួយនៅក្នុងស្រុកសំឡូត ឬកម្លាំងមកពីខេត្ត ចុះបង្ក្រាបឬស្រាវជ្រាវស្វែងរករថយន្តបាកុង ឬវត្ថុតាងប្រព្រឹត្តបទល្មើសព្រៃឈើទាំងនេះនៅឡើយទេ រហូតមកដល់បច្ចុប្បន្ន ដែលធ្វើឲ្យស្រុកនេះកំពុងក្លាយជាជម្រកដ៏សុខសាន្តនៃការលាក់បាំងវត្ថុតាងបទល្មើសព្រៃឈើ ។ ពោលគឺស្ងាត់ច្រៀបតែម្ដង ខណៈការបង្ក្រាបកំពុងកក្រើកខ្លាំង នៅតាមបណ្ដាខេត្តភាគឦសាននៃប្រទេស ។
អ្នកស្រុកសំឡូតបានបង្ហើបឲ្យដឹងថា បើតាមការតាមដានសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើនានារបស់ក្រុមហ៊ុននេះ ហាក់ទើបមានការស្ងប់ស្ងាត់មួយរយៈខ្លីកន្លងទៅនេះទេ ។ ប៉ុន្តែសម្ភារគ្រឿងយន្ត ឬរណារយន្ត សម្រាប់អារច្រៀក ឬកាប់បំផ្លាញព្រៃឈើ និងរថយន្តដឹកជញ្ជូនឈើរាប់សិបគ្រឿង ហាក់មិនទាន់ឃើញមានសកម្មភាពដឹកជញ្ចូនចេញពីទឹកដី ស្រុកសំឡូតនៅឡើយ តែអាចបញ្ជូនចេញពីទីតាំងក្រុមហ៊ុនយកទៅលាក់ទុកនៅក្នុងព្រៃជ្រៅ តាមតំបន់ភ្នំនានាក្នុងស្រុកនេះ ៕
អត្ថបទ៖ សុខ លាភ