ប្រទះឃើញជនជាតិចិនម្នាក់ ដេកស្លាប់នៅក្នុងសណ្ឋាគារអាស៊ី
ភ្នំពេញ ៖ ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យ។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១៣និង០០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នៅសណ្ឋាគារ អាស៊ី(ASIA HOTEL) បន្ទប់លេខ៤២១ ជាន់ទី៤ អាគារលេខ១៧០ ផ្លូវលេខ៩៣ (មហាវិថីព្រះមុន្នីវង្ស) កែងផ្លូវ១៣៦ ភូមិ៤ សង្កាត់ ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពឈ្មោះGU YONGDE ជនជាតិចិន (Chines) ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខG៣៩៣១២៦១១ស្នាក់នៅសណ្ឋាគារកើតហេតុ។
ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិឡាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសលវិច័យរាជធានី ដើម្បីបង្កើតគណៈកម្មការធ្វើការត្រួតពិនិត្យកោសល្យវិច័យពិនិត្យសព។
ជាលទ្ធផលតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិតបច្ចេកទេស បានបញ្ជាក់ថា សពស្លាប់ដោយសារជំងឺមហារីកសួត។ នៅកន្លែងកើតហេតុសម្ភារៈសពរួមមាន លិខិតឆ្លងដែនចំនួន០១ក្បាល ទូរស័ព្ទដៃចំនួន០១គ្រឿងកាតធនាគារ(ATM)ចំនួន០១សន្លឹកអត្តសញ្ញាណប័ណ្ណជនជាតិចំនួន០១សន្លឹកប័ណ្ណបើកបររថយន្តខ្មែរ ចំនួន០១សន្លឹកលុយដុល្លារអាមេរិក ចំនួន៦០០ដុល្លារនាឡិកាដៃចំនួន០៤គ្រឿង និងវ៉ាលីចំនួន០១និងខោអាវមួយចំនួនបានប្រគល់អោយ ការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរក្សាទុក។
ក្រោយពីពិនិត្យរួចខាងជំនាញបច្ចេកទេស បានដឹកសាកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
អត្ថបទ៖ សុខ លាភ