ជនបរទេស២នាក់ ត្រូវកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធករណីលួចអីវ៉ាន់នៅក្នុងផ្សារទំនើបអង្គរ
សៀមរាប៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នាំខ្លួនជនបរទេសចំនួន០២នាក់ មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីអំពើលួច(ឥវ៉ាន់ក្នុងផ្សារ) នៅចំណុចផ្សារទំនើបអង្គរ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១នឹង៤០នាទី។
មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថាជនបរទេសទាំង០២នាក់នោះទី១-ឈ្មោះ ALEKSANDR ORBACHEBSKII ភេទប្រុស កើតថ្ងៃទី ១៥-០៧-១៩៨៥ ជនជាតិរុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅ ហូស្តែល DORM POINT ស្ថិតនៅភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប និងទី២-ឈ្មោះ ALEXANDER FOKIN ភេទប្រុស កើតថ្ងៃទី១២-០៩-១៩៨៧ ជនជាតិ រុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរអ្នកបង្កើតគេហទំព័រតាមអ៊ីនធើណិត ស្នាក់នៅហូស្តែល DORM POINT ភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប។
តាមការសាកសួរជនបរទេសទាំងពីរនាក់នេះបានសារភាពថាពួកគេពិតជាធ្វើសកម្មភាពលួចឥវ៉ាន់ផ្សេងៗពីក្នុងផ្សារទំនើបនេះប្រាកដមែន ហើយលើកទី៣នេះ ក៏ត្រូវបានសន្តិសុខផ្សារឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕
ប្រភពពីអគ្គស្នងការនគរបាលជាតិ
អត្ថបទ៖ សុខ លាភ