លោក សម រង្ស៊ី សួរទៅលោក ហ៊ុន សែន ថាបើខ្ញុំមកដល់កម្ពុជាមែន ក្នុងថ្ងៃ ០៩ វិច្ឆិកា តើគាត់យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ?
ក្នុងសំណើនោះ ខ្ញុំបានសួរទៅលោក ហ៊ុន សែន ដែលអះអាងថា គាត់មិនជឿពីមាតុភូមិនិវត្តន៍របស់ខ្ញុំ នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ថា នៅពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជាមែន ក្នុងថ្ងៃ ០៩ វិច្ឆិកា ខាងមុខនេះ តើគាត់យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ? ពីព្រោះអ្វីដែលគាត់ថាមិនជឿនោះ បានក្លាយទៅជាការពិតទៅហើយ។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី តាមរយៈទំព័រហ្វេសបុកនៅរសៀលនេះ។
ការលើកឡើងបែបនេះបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ភ្នាល់ថា បើសិន សម រង្ស៉ី ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនោះ បើលោកមិនចាប់ខ្លួនលោកសម រង្ស៊ី សម្តេចតេជោ យល់ព្រមចុះចេញពីតំណែងក្នុងរយៈពេល២៤ ម៉ោង។
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន បង្ហាញចរិតក្រឡេចក្រឡុច ក្នុងការចូលរួមភ្នាល់គ្នា ទាក់ទងសកម្មភាពរបស់ខ្ញុំ សម រង្ស៊ី ទៅថ្ងៃមុខ។ កាលពីថ្ងៃ ២៣ សីហា កន្លងទៅនេះ គាត់បានយល់ព្រមធ្វើជាសាក្សី ក្នុងការភ្នាល់គ្នាមួយ ស្នើដោយកូនចៅគាត់ម្នាក់ ដែលបបួលដាក់លុយមួយលានដុល្លារអាមេរិក។ ស្រាប់តែ ថ្ងៃ ៣០ សីហានេះ គាត់បបួលខ្ញុំ ឲ្យភ្នាល់គ្នាជាមួយគាត់ ដោយប្តូរលក្ខខណ្ឌទាំងស្រុង ក្នុងការភ្នាល់គ្នាថ្មីនេះ។ តែក្នុងចន្លោះពេល ពីថ្ងៃ ២៣ ដល់ថ្ងៃ ៣០ សីហានេះ ខ្ញុំបានដាក់សំណើឲ្យគាត់មួយ ដែលគាត់មិនទាន់បានឆ្លើយតបនៅឡើយ។
អតីតប្រធានបក្សប្រឆាំងរូបនេះ បន្ថែមថា លោក ហ៊ុន សែន ពូកែតែដើរសម្លុតគេឯង ហើយប្រើប្រាស់កម្លាំងអាវុធ ក្នុងការតទល់គូបដិបក្ខនយោបាយរបស់គាត់។ ដោយសារតែគាត់ជាជនផ្តាច់ការ គាត់មិនអាចរំពឹងលើការគាំទ្រពីប្រជារាស្ត្របានទេ ទោះជាគាត់ដឹងថា ការគាំទ្រពីប្រជារាស្ត្រនេះ គឺជាកត្តាដ៏សំខាន់ជាងគេបំផុត តាមអ្វីដែលហៅថាលទ្ធិប្រជាធិបតេយ្យ។
ជាមួយគ្នានេះដែរលោក សម រង្ស៊ី ដាក់សំណើចុងក្រោយមួយនេះ ទៅលោក ហ៊ុន សែន ដូចជា នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ បើចំនួនប្រជាពលរដ្ឋ ដែលនឹងមកស្វាគមន៍ខ្ញុំ នៅលើទឹកដីប្រទេសកម្ពុជា ដោយមិនមានការរារាំង ឬបំភិតបំភ័យអ្វីឡើយ មានតិចជាងមួយលាននាក់ ខ្ញុំនឹងយល់ព្រមឲ្យកម្លាំងលោក ហ៊ុន សែន ចាប់រូបខ្ញុំ ហើយខ្ញុំក៏យល់ព្រមបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំ នៅពេលជាមួយគ្នានោះដែរ។ ទី១
ទី២ តែបើចំនួនប្រជាពលរដ្ឋដែលគាំទ្រខ្ញុំ កើនដល់ទៅមួយលាននាក់ ឬលើសចំនួននេះទៅទៀត (មានន័យថាប្រមាណ ៣ ដង ច្រើនជាង នៅថ្ងៃ ១៩ កក្កដា ២០១៣ គឺថ្ងៃមាតុភូមិនិវត្តន៍របស់ខ្ញុំចុងក្រោយ បន្ទាប់ពីការនិរទេសខ្លួន ៤ ឆ្នាំ) តើពេលនោះលោក ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ ដោយបង្ហាញការគោរពឆន្ទៈប្រជារាស្ត្រ ដែលទាមទារឲ្យគាត់ចុះចេញ? យើងនឹងសុំឲ្យអង្គការសហប្រជាជាតិ និង/ឬ សារព័ត៌មានអន្តរជាតិ ធ្វើជាសាក្សី នៃការភ្នាល់គ្នា ប្រកបដោយភាពថ្លៃថ្នូរ៕
អត្ថបទ៖ សុខ លាភ