បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីប្រើហិង្សាលើនារីខារ៉ាអូខេម្នាក់ ព្រោះតែខាងស្រីមិនសុខចិត្ត រឿងស៊ីនំអត់ឲ្យលុយ
ស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបង្កហិង្សាលើនារី បម្រើការងារនៅ KTV ក្នុងរឿង «ស៊ីនំអត់ឲ្យលុយ» ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់លេខ១៥ផ្ទះសំណាក់ បាវិតឋានសួគ៍ ក្នុងភូមិបាវិតកណ្ដាល សង្កាត់/ក្រុងបាវិត ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហ៊ាង រ៉ា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូក្រោន មានទីលំនៅភូមិវាំងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
ចំណែកនារីរងគ្រោះ មានអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ (ផ្ការីកក្នុងសួនជាយដែន) មានទីលំនៅភូមិស្មាច់មានជ័យ ឃុំស្មាច់មានជ័យ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សភាពរឿងហេតុ៖ មុនកើតហេតុជនសង្ស័យ និងនារីរងគ្រោះ បានចូលដេកផ្ទះសំណាក់ខាងលើ បន្ទាប់ពីរួមរក្ស័រួច ក៏បានដើរចេញពីក្នុងបន្ទប់ ធ្វើមិនដឹង ស្រាប់តែនារីរងគ្រោះ បានទារលុយ ពេលនោះក៏កើតជាហិង្សា ដោយជនសង្ស័យ បានវាយមួយដៃចំក្បាលជនរងគ្រោះ។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕