តុលាការកំពូលថៃនៅតែរក្សាទោស «ប្រហារជីវិតពលករមីយ៉ាន់ម៉ាពីរនាក់» ដែលបានរំលោភ និងសម្លាប់ភ្ញៀវទេសចរអង់គ្លេសពីរនាក់
បាងកក)៖ តុលាការកំពូលថៃនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តរក្សាទុកជាបានការដដែល នូវសាលក្រមផ្តន្ទាទោសប្រហារជីវិត ពលករអន្តោប្រវេសន៍មីយ៉ាន់ម៉ាពីរនាក់ ក្នុងសំណុំរឿងឃាតកម្មលើភ្ញៀវទេសចរអង់គ្លេសពីរនាក់នៅឯកោះតៅ (Koh Tao) កាលពីឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។
ពលករអន្តោប្រវេសន៍មីយ៉ាន់ម៉ាពីរនាក់ ឈ្មោះ សរ លីន (Zaw Lin) និង វីន សរ ទុន (Win Zaw Tun) ត្រូវបានតុលាការថៃរកឃើញថា បានរំលោភរួចសម្លាប់ភ្ញៀវទេសចរជាស្ត្រីអង់គ្លេសម្នាក់ឈ្មោះ ហាន់ណា វ៉ៃសឺរីក (Hannah Witheridge) មានអាយុ ២៣ឆ្នាំ និងសម្លាប់បុរសម្នាក់ទៀតឈ្មោះ ដេវីដ មាល្លឺ (David Miller) អាយុ ២៤ឆ្នាំ។ សាកសពភ្ញៀវទេសចរអង់គ្លេសទាំងពីរនាក់នេះ ត្រូវគេប្រទះឃើញនៅលើឆ្នេរភាគខាងត្បូងរម្មណីយដ្ឋាននៃ Koh Tao កាលពីខែកញ្ញា ឆ្នាំ២០១៤។
ដោយឡែក ជុំវិញសំណុំរឿងឃាតកម្មធ្វើរញ្ជួយដល់វិស័យទេសចរណ៍ថៃនេះដែរ ក្រុមព្រះរាជ្ញាថៃនៅតែទទូចថា ខ្លួនមានភស្តុតាងគ្រប់គា្រន់បញ្ជាក់ថា Zaw Lin និង Win Zaw Tun គឺជាឃាតក ហើយស្នើឱ្យតុលាការកំពូលរក្សាទុកសាលក្រមផ្តន្ទាទោស របស់តុលាការជាន់ទាបកាលពីឆ្នាំ២០១៧។ តែទោះជាយ៉ាងណាក៏ដោយ មេធាវីការពារក្ដីជនជាប់ចោទទាំង ០២នាក់បានអះអាងថា ភស្តុតាងប្រឆាំងនឹងកូនក្ដីរបស់ខ្លួន គឺមិនអាចទទួលយកបាន និងមិនសមហេតុផលទាល់តែសោះ ហើយម្យ៉ាងវិញទៀតនៅក្នុងការសម្រេចចិត្ត ទាត់ចោលការប្ដឹងឧទ្ធរណ៍កាលពីឆ្នាំ២០១៧ បានធ្វើឡើងដោយគ្មានអ្នកបកប្រែ និងមេធាវីការពារក្ដីឡើយ។
គួរបញ្ជាក់ថា ទោសប្រហារជីវិតនៅក្នុងប្រទេសថៃ ត្រូវបានអនុវត្តលើកចុងក្រោយបំផុត នៅឆ្នាំ២០១៨។ ប៉ុន្តែនៅក្នុងសំណុំរឿងឃាតកម្មខាងលើ បើតុលាការកំពូលសម្រេចចិត្តហើយ នោះបុរសមីយ៉ាន់ម៉ាទាំង ០២នាក់ មានភាគរយខ្ពស់ណាស់នឹងត្រូវយកទៅប្រហារជីវិត៕\