សម្ដេច ស ខេង បញ្ជារអោយសមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួនមេអង្គការដែលបោកលុយពលរដ្ឋមកផ្ដន្ទាទោស

ភ្នំពេញ ៖ ថ្លែងក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៣) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា មានអង្គការមួយនៅស្រុកបាធាយ ខេត្តកំពង់ចាម បានដើរតួជាមីក្រូហិរញ្ញវត្ថុ ដើម្បីបោកប្រាស់យកលុយពីប្រជាពលរដ្ឋ ដូច្នេះពលរដ្ឋត្រូវសិក្សាឲ្យបានច្បាស់ មុនខ្ចីលុយពីមីក្រូហិរញ្ញវត្ថុណាមួយ ។

សម្ដេចមានប្រសាសន៍ថា “មានករណីកើតឡើង នៅស្រុកបាធាយ ខេត្តកំពង់ចាម អង្គការមួយនោះ គាត់ចុះឈ្មោះនៅក្រសួងមហាផ្ទៃ ជាអង្គការសង្គមស៊ីវិលមួយ ហើយមានលក្ខខណ្ឌ មានឯកសារតាមច្បាប់កំណត់ចឹង។ ប៉ុន្ដែគាត់ធ្វើសកម្មភាព គាត់ដើរតួជា មីក្រូហិរញ្ញវត្ថុ ឲ្យលុយប្រជាជនខ្ចី ហើយប្រជាជនយកលុយគាត់ដាក់យកការ ហើយការហ្នឹងខ្ពស់ទៀត៣% ក្នុង១ខែ”។

សម្ដេច ស ខេង បានឲ្យដឹងថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងចាប់ខ្លួនមេអង្គការនោះយកមកផ្ដន្ទាទោស ។ ប៉ុន្តែទោះបីជាយ៉ាងណាសម្តេច មិនបានបញ្ជាក់ពីឈ្មោះអង្គការនោះទេ ។ “ពេលខែដំបូងទំនងដល់ប្រជាជនសប្បាយយកលុយទៅដាក់ ដល់ខែទី៤ ឬទី៥រត់បាត់។ឥឡូវនឹងចាប់បានម្នាក់ នៅសល់២ទៀត ។ប៉ុន្ដែរត់ទៅណាក៏មិនរួចដែរគ្រាន់តែយូរ និងឆាប់តែប៉ុណ្ណឹងទេ” ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ មានសមាគម និងអង្គការ មិនមែនរដ្ឋាភិបាលចំនួន៨១ ត្រូវបានលុបឈ្មោះចេញពី បញ្ជីក្រសួងមហាផ្ទៃ តាមសំណើររបស់សាមីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds