អាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរ៨៥នាក់ ដែលត្រូវបានចាប់ខ្លួនក្រោយចាញ់បោកមេខ្យល់ ទៅបម្រើការងារដោយខុសច្បាប់
(ភ្នំពេញ)៖ ពលករខ្មែរ៨៥នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្រោយចាញ់បោកមេខ្យល់ទៅបម្រើការងារដោយខុសច្បាប់នៅប្រទេសថៃនោះ ពេលនេះ ត្រូវបានរដ្ឋាភិបាលថៃ ដោះលែងឱ្យមានសេរីភាពឡើងវិញហើយ។ ពលករខ្មែរ៨៥នាក់ត្រូវបានបញ្ជូ នត្រលប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមការប្រកាសរបស់ ក្រសួងការបរទេស តាមរយៈបណ្តាញសង្គម Facebook ផ្លូវការ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។
ពលរដ្ឋខ្មែរចំនួន៨៥នាក់នោះ ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន នៅជាយទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមការចោទប្រកាន់ពីបទឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ព្រមទាំងបានធ្វើការឃុំខ្លួនអស់រយៈពេលជាង៤ខែផងដែរ ដើម្បីស្រាវជ្រាវរកមេខ្យល់ពិតប្រាកដ។
បើតាមក្រសួងការបរទេស គឺការដោះលែងនេះ ធ្វើឡើងក្រោយពីមានកិច្ចអន្តរាគមន៍ ស្នើសុំជាបន្តបន្ទាប់របស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ។
អាជ្ញារថៃបានបញ្ជាក់ថា ថ្មីៗនេះប្រទេសថៃបានចេញច្បាប់ថ្មី ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ដែលត្រូវឱ្យមានការស៊ើបអង្កេតយ៉ាងតឹងរឹង ដើម្បីតាមចាប់មេខ្យល់ ទើបបណ្តាលឱ្យមានការឃាត់ខ្លួនពលរដ្ឋខ្មែរទាំង៨៥នាក់ ក្នុងរយៈពេលយូរបែបនេះ។
មន្រ្តីស្ថានទូតកម្ពុជា ប្រចាំក្រុងបាងកក តែងតែជួបសួរសុខទុក្ខជាប្រចាំជាមួយពលរដ្ឋខ្មែរទាំង៨៥នាក់ ក្នុងអំឡុងពេលជាប់ឃុំខ្លួននោះ៕