កម្លាំងកងទ័ពកម្ពុជា-ឡាវ ត្រៀមដកចេញពីតំបន់មុំបី ក្រោយជួបចរចាគ្នា
ព្រះវិហារ៖ យោងតាមទាហានមួយរូប ដែលឈរជើងនៅតំបន់នោះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fast News នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ថា កងទ័ពកម្ពុជា-ឡាវ កំពុងត្រៀមលក្ខណៈដើម្បីដកកម្លាំងរៀងៗខ្លួនចេញពីតំបន់មុំបី ព្រំប្រទល់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយពីមានការជួបចរចាគ្នា និងមានបញ្ជាពីថ្នាក់ដឹកនាំកំពូល។
ទាហានរូបនេះ ថា កងកម្លាំងកម្ពុជាចំនួន៥នាក់ និងកងកម្លាំងឡាវ៥នាក់ បានចុះពិនិត្យការកែសម្រួលកងកម្លាំង ដែលឈរជើងនៅតំបន់មុំបីនេះ ដើម្បីឈានទៅដល់ការដកកងកម្លាំងរៀងៗខ្លួន តាមបទបញ្ជារបស់មេដឹកនាំកំពូលប្រទេសទាំងពីរ។
នារសៀលថ្ងៃដដែលនេះដែរ បន្ទាប់ពីកិច្ចជំនួបចរចាត្រូវបានបញ្ចប់ ភាគីកម្ពុជា និងភាគីឡាវ បានជួបជុំពិសារអាហារសាមគ្គីពេលល្ងាចរួមគ្នារវាងភាគីប្រទេសទាំងពីរ ដើម្បីបង្ហាញអំពីទំនាក់ទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការល្អ មានប្រពៃណីល្អជាបងប្អូនរវាងប្រទេសទាំងពីរ ចៀសវាងការផ្ទុះអាវុធ បង្ករសង្គ្រាមនិងគ្នាជាយថាហេតុ។
បើតាមប្រសាសន៍របស់ មេបញ្ជាការកងទ័ពឡាវនៅតំបន់នេះ ប្រាប់ដល់កងទ័ពកម្ពុជា គឺភាគីឡាវមិនមានបំណងណាមួយ ចង់មានជម្លោះជាមួយកម្ពុជាឡើយ ហើយតំបន់នេះក៏មិនមានភាពតានតឹងនោះដែរ ដោយកងទ័ពប្រទេសពីរនៅតំបន់នេះ បានជួបទទួលទានអាហាររួមគ្នាជាញឹកញាប់កន្លងមក៕
អត្ថបទ៖ សុខ លាភ