អធិការនគរបាលខណ្ឌសែនសុខ ថាពុំមានការបាញ់សម្លាប់នៅក្នុងផ្សារទំនើបAEON2ទេ និងកុំចេះតែផ្សាយដើម្បីបំប៉ោងសភាពការណ៍
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានធ្វើការច្រានចោលនូវព័ត៌មានក្លែងក្លាយ ដែលបានបង្ហោះចែកចាយពេញបណ្តាញសង្គមដែលថាមានករណីបាញ់សម្លាប់នៅផ្សារទំនើប Aeon sensok city។ ដោយលោកបានសរសេររៀបរាប់ថា៖
“ខ្ញុំអធិការនគរបាលខណ្ឌសែនសុខ សូមបំភ្លឺថាករណីនេះគឺពុំមានកើតនៅក្នុងផ្សារទំនើបAEON2ទេ ហើយសូមអស់លោកមុននឹងផ្សាយសូមអោយមានមូលដ្ឋានព័ត៌មានអោយច្បាស់លាស់ផង កុំចេះតែផ្សាយដើម្បីបំប៉ោងសភាពការណ៍ ។ សូមបងប្អូនជួយ SHARE អោយបងប្អូនបានដឹងផងហើយកុំយល់ច្រឡំទៀត”។ គួរបញ្ជាក់ថារូបភាពដែលមានការបំភ្លៃថាជារូបបាញ់ប្រហារនៅផ្សារទំនើប Aeon2 នោះ តាមពិតជាគឺករណីចាក់សម្លាប់នៅឯផ្សារទំនើបមួយនៅក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី៕